ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ វិស័យប្រៃសណីយ៍ជាយុទ្ធសាស្រ្តដែលជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសង្គមសេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្រសួងពុំបានចាត់ទុកវិស័យប្រៃសណីយ៍នេះត្រឹមតែជាការបន្តមរតកនៃការផ្តល់សេវាប្រៃសណីយ៍នោះទេ ប៉ុន្ដែជាវិស័យយុទ្ធសាស្រ្តដែលជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសង្គមសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថាបណ្ដាញប្រៃសណីយ៍ជាច្រកដ៏សំខាន់ដែលជួយឱ្យសហគមន៍ជនបទ និងធុរកិច្ចខ្នាតតូច-មធ្យម ចូលទៅរកទីផ្សារថ្មីៗ ក៏ដូចជាចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ក្នុងន័យនេះ ប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ទាំងអស់ត្រូវខិតខំបន្តអភិវឌ្ឍបណ្តាញរបស់ខ្លួន ធ្វើទំនើបកម្មនិងពិពិធកម្មសេវា ក៏ដូចជាធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាប្រៃសណីយ៍ និងឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់។

ប្រសាសន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ “ទិវាប្រៃសណីយ៍ពិភពលោក – World Post Day” ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ប្រជាជន៖ សេវាពីមូលដ្ឋានទៅកាន់សកលលោក” នៅមជ្ឈមណ្ឌលនវានុវត្តន៍ (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត មន្រ្តីរាជការ ក.ប.ទ. នៃប្រតិបត្តិករវិស័យប្រៃសណីយ៍ វិស័យឯកជន និងសិស្ស និស្សិត សរុបប្រមាណ ៣០០រូប។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្រសួងមានគម្រោងសាងសង់ភណ្ឌាគារគយមានដែនកំណត់ (Customs Bonded Warehouse) នៅទីតាំងសួនឌីជីថល ដែលនឹងជួយជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាការរីកលូតលាស់នៃវិស័យប្រៃសណីយ៍ ដោយទំនិញដែលលក់នៅតាមប្រព័ន្ធអនឡាញ អាចនឹងត្រូវយកមករក្សាទុកនៅក្នុងឃ្លាំងភណ្ឌាគារគយមានដែនកំណត់ ហើយភ្ជាប់ជាមួយនឹងការដឹកជញ្ជូនចែកទំនិញទាំងនោះតាមរយៈបណ្ដាញនៃសេវាប្រៃសណីយ៍។

ក្នុងពិធីដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញសម្ពោធតែមប្រិ៍អបអរសាទរខួបលើកទី ១៣០ឆ្នាំ នៃការបង្កើតប្រៃសណីយ៍នៅកម្ពុជា (១៨៩៥-២០២៥) ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner