ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥៖ ក្រសួងព័ត៌មានបានកាត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ក្នុងនោះពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មាន៨៥៧ករណី ដែលបង្កើតឡើងក្រុមជ្រុលនិយម និងការប្រើបច្ចេកវិទ្យាAI
ព្រៃវែង៖ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានបានរកឃើញនិងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ក្នុងនោះព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មានដល់ទៅ៨៥៧ករណី ដែលបង្កើតឡើងដោយមនុស្សជ្រុលនិយម និងការប្រើបច្ចេកវិទ្យា AI ។
ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយទាំងនោះ ធ្វើឱ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ព ក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្តយន្តការផ្នែកបច្ចេកទេសនិងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នមានសមត្ថកិច្ចខិតខំសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាគីថៃ។
ឯកឧត្តម ទេព អស្នារិទ្ធ បានបង្ហាញពីវិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលបានរកឃើញទាំងអស់នោះ ជាពិសេសមាតិកា ដែលមានប្រភពនៅក្រៅប្រទេស ដោយបានសហការជាមួយក្រុមហ៊ុន មេតា (ហ្វេសប៊ុក ) និងក្រុមហ៊ុន តិកតុក។ «ក្រសួងព័ត៌មានបានសហការជាមួយនឹងក្រសួងប្រៃសណីយ៍ ក្រសួងមហាផ្ទៃ ក្នុងការធ្វើ report នូវមាតិកាទាំងនោះ ជាមួយនឹងក្រុមហ៊ុន មេតា និងក្រុមហ៊ុន តិកតុក ដើម្បីបង្ហាញអំពីការរំលោភបំពានទៅលើក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផង ហើយក៏ជាការធ្វើខុសទៅនឹង គោលការណ៍ នៅក្នុងការប្រើប្រាស់ ហ្វេសប៊ុក ឬក៏ តិកតុក ផងដែរ។ ដូច្នេះហើយ ក្រសួងបានសហការជាមួយនឹងក្រុមហ៊ុនទាំងពីរនេះ។

ក្នុងនោះបានដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងការរំលោភបំពានក្រមសីលធម៌ ក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមទាំងពីរនេះ គឺបានប្រមាណ៣០ករណី។ ជាមួយគ្នានេះ ក្រសួងសហការជាមួយម្ចាស់គណនី និងផេកបណ្តាញសង្គម ដែលបានផ្សាយខុស ដោយបានស្នើឱ្យដកមាតិកាចេញ ដើម្បីកុំឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ និងប៉ះពាល់ដល់សន្តិសុខជាតិ ព្រមទាំងតម្រង់ទិសលើក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយ សរុប១៥៥ករណី។»
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេស ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»។ យុទ្ធនាការដែលមានរយៈពេលពេញ១ឆ្នាំនេះ បង្កើតឡើង ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យចេះបង្កើនការប្រុងប្រយ័ត្ន និងប្រើប្រាស់ដោយការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា និងរួមចំណែកធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ



