អ៊ីស្រាអែលបន្តវាយប្រហារហ្គាហ្សា ទោះបីមានកិច្ចព្រមព្រៀងជាមួយហាម៉ាស់

ហ្គាហ្សា ៖ ប្រជាជននៅហ្គាហ្សា បានអះអាងថា អ៊ីស្រាអែល នៅតែបន្តវាយប្រហារលើតំបន់នេះ បើទោះបីជាមានកិច្ចព្រមព្រៀង ជាមួយ ក្រុមហាម៉ាស់ ក្រោមផែនការសន្តិភាពរបស់ លោក ដូណាល់ ត្រាំ ក៏ដោយ។

អ្នកស្រុកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានកើតមាន ទៅលើតំបន់ជាយក្រុង ចំនួនបីកន្លែង រួមមាន Shejaia, Tuffah និង Zeitoun ដោយបានកើតឡើងពេញមួយយប់ថ្ងៃពុធ និង អូសបន្លាយ ដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា នេះ ក្នុងនោះ សាក្សីបាននិយាយថា គេបានឃើញផ្សែងបានហុយឡើងលើនៅក្នុងតំបន់ទាំងនោះ ប៉ុន្តែ មិនមានរបាយការណ៍ អំពីអ្នកស្លាប់ និងរបួសនោះទេ។

ការបន្តសកម្មភាពរបស់អ៊ីស្រាអែលនេះ បានធ្វើឡើង ស្របពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំង ត្រូវបានសម្រេច ដំណាក់កាលដំបូង នៃផែនការសន្តិភាពរបស់លោក ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា។

ផ្អែកតាមការព្រមព្រៀង ចំណាប់ខ្មាំងអ៊ីស្រាអែលនៅមានជីវិត ទាំង២០នាក់ អាចនឹងត្រូវបានដោះលែង នៅថ្ងៃសៅរ៍ ខាងមុខនេះ ហើយ យោធារបស់ប្រទេសអ៊ីស្រាអែល នឹងដកខ្លួនចេញពីតំបន់ជុំវិញ ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាផ្លូវការ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។

អាជ្ញាធរ ហ្គាហ្សា បានអះអាងថា មនុស្សជាង ៦៧,០០០នាក់ ត្រូវបានសម្លាប់ ហើយចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការឆ្លើយតបយោធារបស់ខ្លួន ចំពោះការវាយប្រហារឆ្លងព្រំដែន របស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ស្លាប់មនុស្ស ជាង១ពាន់នាក់ និង ចាប់ចំណាប់ខ្មាំង ជាង២៥០នាក់៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner