អភិបាលរងរាជធានីភ្នំពេញ ណែនាំដល់មន្ត្រីខណ្ឌ និងសង្កាត់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ឱ្យទាន់ពេលកំណត់ ដើម្បីរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ
(ភ្នំពេញ)៖ លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់ខណ្ឌ និងសង្កាត់ ត្រូវអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ឱ្យទាន់ពេលកំណត់ ដើម្បីរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ។ លោកជំទាវអភិបាលរង ថ្លែងដូច្នេះ នាឱកាសអញ្ជើញជាតំណាងអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់សង្កាត់ ខណ្ឌចំការមន នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសាលាខណ្ឌចំការមន ។

លោក កៀង ល័ក្ស បានឱ្យដឹងថា គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ដែលបានអនុវត្តឆ្នាំ២០២៥ និងគម្រោង ជាអាទិភាពសម្រាប់ឆ្នាំ២០២៦ សរុបចំនួន ១៩៥ គម្រោង អនុវត្តសម្រេចបាន១៩៥ គម្រោង ស្មើ១០០% ។ ដោយឡែកគម្រោងជាអាទិភាព ឆ្នាំ២០២៦ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម នាពេលនេះមានចំនួន ២០៦ គម្រោង ។

លោកអភិបាលខណ្ឌ បានបន្តថា សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់សង្កាត់ ខណ្ឌ បានរៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ទាំងរបស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះ ចាំបាច់ត្រូវមានការចូលរួមគាំទ្រ ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំង ពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ដោយប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយ ប្រសិទ្ធភាព ។

លោកជំទាវ តិមា វិច្ឆិកាល បានថ្លែងបើកកម្មវិធីដោយសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់សង្កាត់ ខណ្ឌ នៅពេលនេះ មានគោលបំណងដើម្បី៖
១.ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌ។
២.ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៦ របស់រដ្ឋបាលសង្កាត់។
៣.ស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ ។ ដំណើរការសមាហរណកម្មនេះ គឺជាយន្តការគន្លឹះមួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។

លោកជំទាវ បានសាទរចំពោះការទទួលបានលទ្ធផលគាំទ្រល្អប្រសើរ ក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦-២០២៨ ។ លោកជំទាវ ក៏បានជំរុញឱ្យខណ្ឌ និងសង្កាត់ ត្រូវធ្វើការពិគ្រោះយោបល់ឱ្យបានល្អិតល្អន់ ដើម្បីធានាថា គម្រោងវិនិយោគបីឆ្នាំរំកិលនេះ មានលក្ខណៈស៊ីចង្វាក់គ្នា រវាងតម្រូវការរបស់មូលដ្ឋាន និងគោលនយោបាយយុទ្ធសាស្ត្រថ្នាក់ជាតិ និងរាជធានីភ្នំពេញ ។
លោកជំទាវអភិបាលរង បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដល់បណ្តាមន្ទីរអង្គភាពជំនាញ / អង្គការសង្គមស៊ីវិលជាដៃគូរអភិវឌ្ឍន៍ ដែលបានជួយគាំទ្របណ្តាគម្រោងអភិវឌ្ឍន៍នានារបស់ខណ្ឌ និងសង្កាត់ សូមអនុវត្តតាមផែនការ សកម្មភាពការងារឱ្យបានច្បាស់លាស់ និងត្រូវបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយបណ្តាខណ្ឌ សង្កាត់ និងខិតខំអនុវត្តផែនការឱ្យបានទាន់ពេលវេលាកំណត់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ សួង ពិសិដ្ឋ
