ក្រសួងអប់រំ និងក្រសួងក្រសួងប្រៃសណីយ៍ រួមគ្នាជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចពិភាក្សារួមគ្នា ក្នុងការជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន។ កិច្ចប្រជុំនេះធ្វើឡើងនៅនារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងពីរ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន សម្តែង នូវ ក្តី រីករាយ និងបានវាយតម្លៃខ្ពស់ចំពោះសហការរវាងក្រសួងទាំងពីរនាពេលកន្លងមក និងបានបង្ហាញ ការ ប្តេជ្ញា ចិត្ត ខ្ពស់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ ក្រសួង អប់រំ យុវជន និងកីឡា ដោយបានលើកឡើងថា ការ បញ្ចូលជំនាញឌីជីថល ទៅ ក្នុង ប្រព័ន្ធអប់រំ គឺជាតម្រូវការ ចាំបាច់ មួយ សម្រាប់ ការ កសាងរដ្ឋាភិបាល ឌីជីថល និង ការ អភិវឌ្ឍសេដ្ឋកិច្ច ឌីជីថលរបស់ ប្រទេស។

ក្រសួងនឹងផ្តោតលើការគាំទ្រ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT និង ការ ផ្តល់ ជំនួយ ផ្នែក បច្ចេកទេស ក្នុង ការ បង្កើត កម្មវិធី បណ្ដុះបណ្ដាល ជំនាញ ឌីជីថល ដែល មាន គុណភាពខ្ពស់ ជាពិសេសចូលរួមសហការក្នុងការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ។

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការ គាំទ្រ របស់ ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រសួងអប់រំនាពេលកន្លងមក និងបានលើកឡើងថា ក្រសួងអប់រំ បាននិងកំពុង ជំរុញ ការ កែទម្រង់ កម្មវិធីសិក្សា តាមរយៈ ការ ពង្រឹង សមត្ថភាព គ្រូបង្រៀន លើ បច្ចេកវិទ្យា ថ្មីៗ និង ការ បង្កើត នូវ ធនធាន រៀន និង បង្រៀន តាម ប្រព័ន្ធ ឌីជីថលជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញគាំទ្រទៅលើការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំផងដែរ ដោយលើកឡើងថា គម្រោងនេះ នឹង ក្លាយជាកត្តា ដ៏សំខាន់ ក្នុងការ បង្កើនប្រសិទ្ធភាពការបង្រៀន និង កនិងការរៀនសូត្រនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់ ស្របតាម និន្នាការ ពិភពលោក។

គួរបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់ បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មជ្ឈមណ្ឌលនេះនឹងមានសក្តានុពលក្នុងការបង្កើនគុណភាពនៃការអប់រំ តាមរយៈការបង្កើតការផ្លាស់ប្តូរវិធីសាស្ត្រនៃការបង្រៀន និងរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ សំដៅជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្ន ទំនួលខុសត្រូវ សីលធម៌ និងសមធម៌ និងស្របតាមបរិបទសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner