អ្នកនាំពាក្យរាជរដ្ឋាភិបាល៖មន្ត្រីថៃគ្រប់លំដាប់ថ្នាក់តែងតែនិយាយ បំផ្លើស បំភ្លៃ កាឡៃការពិតអំពីបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ
ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ម្តងហើយម្តងទៀតគេតែងសង្កេតឃើញ ថ្នាក់ដឹកនាំ និង មន្ត្រីថៃគ្រប់លំដាប់ថ្នាក់តែងតែនិយាយបំផ្លើស បំភ្លៃ កាឡៃ ការពិតអំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដោយបាន ចោទកម្ពុជាថា ជាអ្នកបាញ់មុន ។ជាអ្នករំលោភបទឈប់បាញ់ ។ជាអ្នកឈ្លានពានទឹកដីថៃ ។ជាអ្នកគំរាមកំហែងដល់ សន្តិសុខជាតិ ថៃជាអាទិ៍ ហើយបានដើរតួជាជនរងគ្រោះ ខណៈដែល កម្ពុជាទៅ វិញទេដែលជាអ្នករងគ្រោះពិតប្រាកដ។
ថ្លែងនៅថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២៥នេះអ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជាបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី៩ ខែតុលា នេះ ប្រមុខរាជរដ្ឋាភិបាលថៃ បានប្រាប់បណ្តាញសារព័ត៌មាន ជាច្រើន ក្នុងប្រទេសថៃថា ថៃជាភាគីដែលរងការរំលោភបំពាន និងរងគ្រោះ ហើយបានដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិឋាន ដែលពួកគេបានរស់នៅកាន់កាប់ និងអាស្រ័យផល ជាយូរមកហើយ ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជូនសាធារណជនជាតិ និង អន្តរជាតិ ថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមួយប្រទេសជិតខាងរាជរដ្ឋាភិបាលកម្ពុជាតែងតែ ប្រកាន់ខ្ជាប់នូវ គោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាងសូម្បីតែមួយមីល្លីម៉ែត្រនិងរក្សាសិទ្ធិត្រឹមតែការពារអធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។
ដោយបង្ហាញពីជំហររបស់រាជរដ្ឋាភិបាល អ្នកនាំពាក្យដដែល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធីដោយឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិហើយចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។កម្ពុជាតែងតែប្រកាន់យកនូវការ អត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាន់នានាដែលភាគីថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវសារជាថ្មីដល់ភាគីថៃ ត្រូវតែបង្ហាញសុឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយ សន្តិវិធី ប្រកបដោយការអត់ធ្មត់ដោយប្រើយន្តការទ្វេភាគីដែល មានស្រាប់ រួមមាន JBC-GBC-RBCនិងអនុលោមតាម អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។
ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា មានតែវិធីនេះតែមួយគត់ ដែលអាចឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយនិរន្តរភាព និងភាពសុខសាន្តយូរអង្វែង៕
ដោយ៖ម៉ាដេប៉ូ – លីដា