ម៉ាឡេស៊ីនឹងដើរតួជាអ្នកសង្កេតការណ៍បោះឆ្នោតនៅមីយ៉ាន់ម៉ា

ណៃពិដោ ៖ របបយោធាមីយ៉ាន់ម៉ាប្រកាសអនុញ្ញាតឱ្យម៉ាឡេស៊ីបញ្ជូនក្រុមសង្កេតការណ៍មកតាមដានការបោះឆ្នោតដែលបានពន្យារពេលជាយូរមកហើយ ទោះបីជាកងកម្លាំងរដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធជាមួយពួកឧទ្ទាមជាច្រើនក្រុម ដែលប្រឆាំងនឹងការបោះឆ្នោតនេះក៏ដោយ។

ការប្រកាសនេះកើតឡើងនៅពេលរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានធ្វើដំណើរទៅដល់រដ្ឋធានីណៃពិដោ កាលពីថ្ងៃព្រហស្បតិ៍ និងបានជួបជាមួយមេដឹកនាំកំពូលរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing។

សារព័ត៌មានរដ្ឋ Global New Light of Myanmar ដែលគ្រប់គ្រងដោយរបបយោធា បានចេញផ្សាយនៅថ្ងៃសុក្រនេះថា ប្រមុខការទូតម៉ាឡេស៊ីបានសន្យាថា នឹងបញ្ជូនក្រុមសង្កេតការណ៍ការបោះឆ្នោតមកកាន់មីយ៉ាន់ម៉ា។

ហើយក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ម៉ាឡេស៊ីនឹងធានាថា អាស៊ាននឹងសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតជាមួយមីយ៉ាន់ម៉ា។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ការបោះឆ្នោតដែលបានគ្រោងទុករបស់មីយ៉ាន់ម៉ា និងការបញ្ឈប់អរិភាពក្នុងប្រទេសនេះ គឺស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ាន។

ផ្អែកតាមសារព័ត៌មាន Global New Light of Myanmar, គណបក្សនយោបាយចំនួន៥៧ និងបេក្ខជនជាង ៥,០០០រូប នឹងឈរឈ្មោះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលយោធាក៏បាននិយាយដែរថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងជាដំណាក់កាល ដោយចាប់ផ្តើមនៅថ្ងៃទី២៨ ខែធ្នូខាងមុខ ហើយលទ្ធផលត្រូវបានគេរំពឹងថា នឹងប្រកាសនៅចុងខែមករាឆ្នាំក្រោយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner