នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក អញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅកម្ពុជា រយៈពេលបីថ្ងៃដោយជោគជ័យ
(ភ្នំពេញ)៖ ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រី
Commonwealth of Dominica (កុំមិនវែលដូមីនីក) បានអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារ នៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ ។
ក្នុងឱកាសអញ្ជើញនិវត្តន៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់មាតុប្រទេសវិញ តាមជើងហោះហើរឯកជនរបស់ឯកឧត្តម Roosevelt Skerrit នាយករដ្ឋមន្ត្រី Commonwealth of Dominica (កុំមិនវែលដូមីនីក) មានការអញ្ជើញជូនដំណើរពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជារដ្ឋមន្ត្រីអម ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃប្រកបដោយផ្លែផ្កានេះ ឯកឧត្តម Roosevelt Skerrit បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា ។
ឯកឧត្តម នាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ ។
ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារនាពេលនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ។ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។
ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តម Roosevelt Skerrit មកកាន់កម្ពុជានេះ ពោលគឺក្នុងន័យពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ ៕





ដោយ ៖ វណ្ណលុក