ប្រមុខ UN ស្វាគមន៍បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់
អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិបានប្រកាសស្វាគមន៍កិច្ចព្រមព្រៀង «បទឈប់បាញ់» អ៊ីស្រាអែល-ហាម៉ាស ហើយ ជំរុញឱ្យភាគីទាំងអស់ គោរពតាមលក្ខខណ្ឌ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា កាលពីថ្ងៃទី៩ ខែតុលាថា លោក “ស្វាគមន៍” ការប្រកាសបទឈប់បាញ់ ហើយ បានអំពាវនាវឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់។
លោកបានមានប្រសាសន៍ថា «ការបង្ហូរឈាមត្រូវតែបញ្ឈប់ម្តង និងសម្រាប់ទាំងអស់» ដោយជំរុញឱ្យមានការចូលជាបន្ទាន់ និង គ្មានការរារាំង នៃជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្គាហ្សា។
លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដែលអាចបង្កើនអាហារ ទឹក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងទីជម្រក ក្នុងពេលតែមួយ។
លោកបានថ្លែងថា «យើងនិងដៃគូ របស់យើង បានត្រៀមខ្លួន ដើម្បីផ្លាស់ទីឥឡូវនេះ…យើងមានជំនាញ បណ្តាញចែកចាយ និង ទំនាក់ទំនងសហគមន៍ ដើម្បីធ្វើសកម្មភាព»។
កាលពីសប្តាហ៍មុន ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា អង្គការសហប្រជាជាតិ មានជំនួយមនុស្សធម៌ចំនួន ១៧ម៉ឺនតោន ដែលត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងតំបន់ ដែលត្រៀមរួចជាស្រេច ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សា។
លោក Guterres ក៏បានអំពាវនាវឱ្យភាគីទាំងអស់ ចាប់យកឱកាសដើម្បី បង្កើតផ្លូវនយោបាយដ៏គួរឱ្យទុកចិត្តមួយឆ្ពោះទៅមុខ។ លោកបាននិយាយថា នោះនឹងក្លាយជាផ្លូវ ឆ្ពោះទៅរកការបញ្ចប់ការកាន់កាប់ ការទទួលស្គាល់សិទ្ធិ ក្នុងការសម្រេចចិត្តដោយខ្លួនឯង របស់ប្រជាជនប៉ាឡេស្ទីន និងការសម្រេចបាននូវដំណោះស្រាយ រដ្ឋពីរ ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត