នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ធ្លាប់សិក្សាអំពីប្រវត្តិសម្ដេចតេជោ កាលនៅជានិស្សិត ដោយកោតសរសើរសម្ដេចចំពោះភាពជាអ្នកដឹកនាំ

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានលើកឡើងថា ឯកឧត្តម ធ្លាប់បានសិក្សាអំពីប្រវត្តិសម្ដេចតេជោ កាលនៅជានិស្សិត ដោយកោតសរសើរសម្ដេចចំពោះភាពជាអ្នកដឹកនាំ ដែលឯកឧត្តមបានហៅសម្ដេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឲ្យមានសន្តិភាព និងមានភាពរីកចម្រើន ។ នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កម្ពុជា អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានលើកឡើងថា កាលពេលឯកឧត្តម នៅជានិស្សិត ឯកឧត្តមបានសិក្សាអំពីប្រវត្តិរបស់សម្ដេចតេជោ ដែលបានតស៊ូជាច្រើនក្នុងការរំដោះប្រទេសកម្ពុជា ក៏ដូចជាការដឹកនាំប្រទេស ឲ្យមានការរីកចម្រើន។ ឯកឧត្តម បានកោតសរសើរសម្ដេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដែលឯកឧត្តមបានហៅសម្ដេចតេជោថា ជាស្ថាបត្យករ របស់កម្ពុជា ដែលនាំកម្ពុជា ឲ្យមានសន្តិភាព និងមានភាពរីកចម្រើន ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានចាប់អារម្មណ៍ពីប្រវត្តិរបស់សម្ដេច។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ រៀបរាប់បន្ថែមអំពីការតស៊ូរបស់សម្ដេច ក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ តាំងពីការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងការនាំប្រទេសជាតិ មករកសុខសន្តិភាព ឯកភាពទឹកដី ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨។ សម្ដេចតេជោ ក៏បានចែករំលែកជាច្រើនទៀត ទាក់ទងទៅនឹងបទពិសោធន៍ទាំងអស់នោះ ក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ជាបន្តបន្ទាប់ ។

នាឱកាសនោះ សម្ដេចតេជោ ក៏បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដោយសម្ដេចតេជោបានពន្យល់អំពីរឿងរ៉ាវដែលបានកើតឡើង នាពេលកន្លងទៅនេះ។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់មួយ ដោយមានប្រសិទ្ធភាព និងការបញ្ចប់នូវវិបត្តិដើម្បីឈានទៅរកដំណោះស្រាយ និងទៅរកប្រក្រតីភាពឡើងវិញ ដូចប្រទេសទាំងពីរធ្លាប់មានពីមុនមក ។

សម្ដេចតេជោ ក៏បានលើកឡើងអំពីសក្ដានុពលនៃទំនាក់ទំនងរវាងកម្ពុជា និង កុំមិនវែលដូមីនីក។ សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែពង្រីកនូវចំណងមិត្តភាព តាមរយៈវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នាអោយកាន់តែទូលំទូលាយបន្ថែមទៀត។ សម្តេចតេជោ មានប្រសាសន៍ថា ដើម្បីឲ្យទំនាក់ទំនងរដ្ឋ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរ ភាគីទាំងពីរ គួរតែមានកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយឱ្យមានភាពស្អិតរមួតនឹងគ្នា ដើម្បីជាកត្តាជំរុញដល់វិស័យផ្សេងៗទៀត ។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែក​ នូវបទពិសោធន៍យ៉ាងពិស្ដារ ជាពិសេស ការតស៊ូ ការរំដោះប្រទេសជាតិ និងការស្វែងរកសន្តិភាព ដោយឯកឧត្តមបានចាត់ទុកសម្ដេចតេជោជា វចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក ហើយជាមេដឹកនាំមួយ ដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងជាផ្នែកមួយធ្វើឲ្យពិភពលោក មានសុខសន្តិភាពផងដែ ។ ឯកឧត្តមបានចាត់ទុកសម្ដេចតេ គឺជាមេដឹកនាំ ដែលបានចូលរួមចំណែក នៅក្នុងការដោះស្រាយបញ្ហាពិភពលោកជាច្រើន ក្នុងពេលដែល សម្ដេចនៅជានាយករដ្ឋមន្ត្រី ។ ឯកឧត្តមផ្ទាល់ និងសហការី ពិតជាមានកិត្តិយសណាស់ ដែលពេលនេះ បានស្ដាប់នូវការចែករំលែកបទពិសោធន៍ របស់សម្ដេចតេជោ ដែលប្រកបដោយគតិបណ្ឌិត និងជាមេរៀនដ៏សំខាន់ សម្រាប់ឯកឧត្តមផងដែរ ។

ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តម បានបង្ហាញអំពីការគាំទ្រ ដោះស្រាយបញ្ហាដោយសន្តិវិធី ហើយសង្ឃឹមថាបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗ និងវិលមករកប្រក្រតីភាពឡើងវិញ។

នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានទទួលយកនូវសំណើរបស់សម្ដេចតេជោ ក្នុងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរ ដែលឯកឧត្តមនឹងធ្វើកិច្ចការងារនេះ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាបន្តបន្ទាប់ទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner