ប្រមុខការទូតម៉ាល់ត៍ថា លោក ដូណាល់ ត្រាំ សមទទួលពានណូបែលសន្តិភាព

វ៉ាឡែត ៖ រដ្ឋមន្ត្រីការបរទេសម៉ាល់ត៍ លោក អាយអិន ប៊ឺក ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ បានប្រកាសគាំទ្រការតែងតាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Facebook លោក អាយអិន ប៊ឺក បានលើកឡើងពីភាពជោគជ័យរបស់លោកប្រធានាធិបតី ត្រាំ ដែលជួយបង្កើតសន្តិភាពរវាងអាមេនី និងអាហ្សែបៃហ្សង់ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំអាមេរិករូបនេះ ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។

ប្រមុខការទូតប្រទេសម៉ាល់ត៍រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបានប្រគល់សំបុត្រមួយច្បាប់ដែលខ្ញុំបានសរសេរក្នុងនាមខ្ញុំផ្ទាល់ដល់លោកប្រធានាធិបតី ត្រាំ ដោយខ្ញុំបានប្រាប់គាត់ថា ដូចអ្នកផ្សេងទៀតដែរ ខ្ញុំបានតែងតាំងគាត់ជាបេក្ខជនឈ្នះពានរង្វាន់ណូបែលសន្តិភាព។

ជាមួយគ្នានេះ ខ្ញុំក៏បានជំរុញឱ្យលោកប្រធានាធិបតី ត្រាំ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ហើយថ្ងៃនេះ លោកពិតជារីករាយណាស់ ដែលឃើញការប្តេជ្ញាចិត្តរបស់គាត់កើនឡើង ដែលនាំឱ្យពួកយើងខិតទៅជិតសន្តិភាព។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនដ៏លេចធ្លោមួយរូប ក្នុងចំណោមបេក្ខជនជាង ៣០០រូប ដែលអាចនឹងគ្រងជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដោយសារតែស្នាដៃជួយពន្លត់ភ្លើងសង្គ្រាមជាច្រើនរបស់លោក។

អ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ នឹងត្រូវប្រកាសនៅក្នុងថ្ងៃទី១០ ខែតុលានេះ ហើយកាលបរិច្ឆេទសម្រាប់ការតែងតាំងបុគ្គលឈ្នះពានរង្វាន់ណូបែលប្រចាំឆ្នាំលើកក្រោយ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករាឆ្នាំក្រោយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner