ចិនបង្កើនការរឹតត្បិតនាំចេញរ៉ែកម្រ មុនមានជំនួបកំពូលលោក ស៊ី និង ត្រាំ ចុងខែនេះ

ប៉េកាំង ៖ ចិនដែលជាប្រទេសផលិតរ៉ែកម្ររបស់ផែនដីធំបំផុតក្នុងលោក នៅថ្ងៃព្រហស្បតិ៍ បានចាត់វិធានការបង្កើនការរឹតត្បិតលើការនាំចេញរ៉ែកម្ររបស់ខ្លួន ដោយបន្ថែមរ៉ែកម្រចំនួន៥ប្រភេទថ្មីទៀត និងការត្រួតពិនិត្យតឹងរ៉ឹងលើក្រុមហ៊ុនផលិតបន្ទះឈីប (semiconductor) ហើយចំណាត់ការនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។

មូលហេតុដែលក្រសួងពាណិជ្ជកម្មចិនចាត់វិធានការពង្រីកការរឹតត្បិតនេះ គឺក្នុងគោលបំណងឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមសមាជិកសភាអាមេរិក ដែលទទូចឱ្យមានការហាមឃាត់យ៉ាងទូលំទូលាយលើការនាំចេញសម្ភារៈ សម្រាប់ផលិតបន្ទះឈីបមកកាន់ប្រទេសចិន។

ក្រៅពីការបន្ថែមរ៉ែកម្រចំនួន៥ប្រភេទថ្មីទៀត និងការត្រួតពិនិត្យដ៏តឹងរ៉ឹង ប្រទេសចិននៅបានដាក់បញ្ចូលធាតុផ្សំច្រើនប្រភេទនៃបច្ចេកវិទ្យាចម្រាញ់រ៉ែកម្រ ទៅក្នុងបញ្ជីត្រួតពិនិត្យរបស់ខ្លួនផងដែរ ហើយបានប្រកាសច្បាប់ដែលនឹងតម្រូវឱ្យមានការអនុលោមតាម ពីសំណាក់ក្រុមហ៊ុនផលិតរ៉ែកម្របរទេស ដែលប្រើប្រាស់វត្ថុធាតុដើមរបស់ចិន។

ការរឹតត្បិតនាំចេញរ៉ែកម្ររបស់ចិនថ្មីនេះ កើតឡើងស្របពេលលេចលឺព័ត៌មានរសើបទាក់ទិននឹងជំនួបកំពូលរវាងប្រមុខដឹកនាំកំពូលចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងចុងខែតុលាខាងមុខនេះ។

ជាមួយគ្នានេះ លោក Tim Zhang ដែលជាស្ថាបនិកក្រុមហ៊ុន Edge Research មានមូលដ្ឋាននៅសិង្ហបុរី បានមើលឃើញថា ចំណាត់ការនេះនឹងជួយបង្កើនប្រៀបឈ្នះរបស់ទីក្រុងប៉េកាំង មុនជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅចុងខែនេះ។

គួរកត់សម្គាល់ ប្រទេសចិនផលិតបានជាង ៩០%នៃរ៉ែកម្រកែច្នៃ និងដែកម៉ាញេទិចនៅលើពិភពលោក។ រ៉ែកម្រ១៧ប្រភេទដែលចិនមាន គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតគ្រឿងឧបករណ៍នានា រាប់ចាប់ពីឡានអគ្គិសនី រហូតដល់ម៉ាស៊ីនយន្តហោះ និងរ៉ាដាយោធា។ ហើយក្នុងចំណោមនោះ មាន១២ប្រភេទស្ថិតក្រោមវិធានការរឹតបន្តឹងលើការនាំចេញ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner