វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកាមួយភាគបីនៅអឺរ៉ុប កើតជំងឺធ្លាក់ទឹកចិត្ត ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
កូប៉ិនហាក់ ៖ យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប បានរកឃើញថា វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាម្នាក់ក្នុងចំណោមបីនាក់នៅអឺរ៉ុប ត្រូវបានគេរាយការណ៍ថា កើតជំងឺបាក់ទឹកចិត្ត ឬមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយតួលេខនេះគឺខ្ពស់ជាង៥ដងក្នុងចំណោមប្រជាជនទូទៅនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times។
យោងតាមរបាយការណ៍បានឱ្យដឹងថា អំពើហិង្សាលើរាងកាយ ការបៀតបៀនផ្លូវភេទ និងការធ្វើការថែមម៉ោងញឹកញាប់ ពិសេសការធ្វើការនៅពេលយប់ ទំនងជាមូលហេតុនៅពីក្រោយការកើតជំងឺបាក់ទឹកចិត្ត វិបត្តិផ្លូវចិត្ត និងមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅអឺរ៉ុប។
ក្នុងចំណោមប្រទេសសមាជិកអឺរ៉ុប ក្នុងនោះបុគ្គលិកសុខាភិបាលនៅប្រទេសឡាតវី និងប៉ូឡូញ ត្រូវបានគេរាយការណ៍ថា មានជំងឺបាក់ទឹកចិត្តខ្ពស់ជាងគេបំផុត។ ហើយប្រទេសមានជំងឺបាក់ទឹកចិត្តទាបជាងគេបំផុត គឺដាណឺម៉ាក និងអ៊ីស្លង់ដែលមានប្រហែល ១៥%ប៉ុណ្ណោះ។
ការសិក្សានេះធ្វើឡើងដោយផ្អែកលើសម្រង់ចម្លើយពីបុគ្គលិកសុខាភិបាលប្រមាណ ៩០,០០០នាក់នៅក្នុងប្រទេសទាំង២៧នៃប្លុកអឺរ៉ុប។ លោក Hans Kluge ដែលជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បាននិយាយថា វិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមបុគ្គលិកផ្នែកសុខាភិបាលអឺរ៉ុប គឺជាវិបត្តិសន្តិសុខសុខភាព ដែលគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលអឺរ៉ុបទាំងមូល។
លោកថា ច្រើនជាងម្នាក់ក្នុងចំណោម ១០នាក់នៃពួកគេ បានគិតអំពីការបញ្ចប់ជីវិតខ្លួនឯង ឬធ្វើឱ្យខ្លួនឯងឈឺចាប់។ បញ្ហានេះ គឺជាបន្ទុកដែលមិនអាចទទួលយកបានឡើយ។ បន្ថែមលើនេះ មានការព្យាករថា សហភាពអឺរ៉ុបអាចនឹងប្រឈមមុខនូវកង្វះបុគ្គលិកសុខាភិបាលជិតមួយលាននាក់នៅត្រឹមឆ្នាំ ២០៣០ ដូច្នេះយើងមិនអាចបាត់បង់ ឬធ្វើឱ្យពួកគេធ្លាក់ទៅក្នុងភាពអស់សង្ឃឹម ភាពឯកោ ឬអំពើហិង្សានោះទេ។
លោក Kluge ក៏បានអះអាងដែរថា ដើម្បីដោះស្រាយបញ្ហាទាំងនោះ អាជ្ញាធរសុខាភិបាលគួរតែចាត់វិធានការបញ្ឈប់អំពើហិង្សា កែទម្រង់វប្បធម៌ថែមម៉ោងការងារ ឬជំរុញឱ្យធ្វើការច្រើនម៉ោងញឹកញាប់ ពិសេសត្រូវផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកជំនាញថែទាំសុខភាពទាំងអស់៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា