ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ណែនាំឱ្យអាជ្ញាធរក្រុងកំពង់សោម យកចិត្តទុកដាក់ពីចលនាភូមិឃុំសង្កាត់មានសុវត្ថិភាព

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោម ឱ្យផ្ដោតការយកចិត្តទុកដាក់គិតគូរអំពីចលនាភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលជាឧបករណ៍នយោបាយមួយដ៏សំខាន់ និងរៀបចំសាលារៀន ឱ្យបានល្អសម្រាប់ជាថ្នាលបណ្ដុះបណ្ដាលដល់សិស្សានុសិស្សឱ្យមានសីលធម៌សុជីវធម៌ ចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងគោលដៅបង្កើតបាននូវធនធានមនុស្សដែលមានគុណភាព និងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពសុខដុមរមនា ។

ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោម ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងចាស់ និងថ្មី ដែលបានខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តចុះជួយទាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយចូលរួមផ្ដល់ទាំងសម្ភារៈ និងថវិកា សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រៃនប់ឬក្រុងកំពង់សោមនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកំណត់ស្រុកព្រៃនប់ថាជាក្រុមកំពង់សោមវិញ នោះគឺដោយសារមិនចង់បាត់បង់ឈ្មោះកំពង់សោម ពីព្រោះឈ្មោះនេះមានតាំងពីយូរយារណាស់មកហើយ យើងចង់រក្សាឈ្មោះកំពង់សោមឲ្យមាននៅទីនេះដដែល ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឱ្យក្រុមការងារទាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ត្រូវគ្រប់គ្រងសមាជិករបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួនជាក់លាក់ ដែលនេះគឺជាកិច្ចការយុទ្ធសាស្ត្រទី១ រីឯទី២ គឺត្រូវខិតខំប្រឹងប្រែងធ្វើការងាររួមគ្នាជាមួយសមាជិកក្រុមការងារនៅមូលដ្ឋានផ្ទាល់ ដើម្បីឲ្យបានយល់ពីគោលបំណងរួមទាំងអស់គ្នា ក្នុងការដើរលើមាគ៌ាដ៏ត្រឹមត្រូវដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចំពោះចំណុចទី៣ គឺរដ្ឋបាលសាធារណៈ ក្រុមការងារត្រូវចូលរួមគិតគូរលើគ្រប់វិស័យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជំរុញអោយក្រុងកំពង់សោម កាន់តែមានការអភិវឌ្ឍន៍រីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែត្រូវបានលើកស្ទួយជាលំដាប់។ ជាមួយនេះ ផ្តើមចេញពីការគ្រប់គ្រងក្នុងមូលដ្ឋាន ត្រូវធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅស្អាត គ្រប់គ្រងសំណល់រឹងរាវឲ្យបានត្រឹមត្រូវ ទប់ស្កាត់បញ្ហាគ្រឿងញៀនល្បែងស៊ីសង អំពើលួចឆក់ប្លន់គ្រប់ប្រភេទ និងធ្វើយ៉ាងណាជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង នោះនឹងធ្វើឱ្យមូលដ្ឋាននីមួយៗមានសន្តិសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ។

ឯកឧត្តមប្រធានក្រុមការងារ បានស្នើឱ្យមានការចូលរួមពីសមាជិកក្រុមការងារទាំងអស់ ឱ្យគិតគូរពីចលនាភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលជាឧបករណ៍នយោបាយមួយដ៏សំខាន់ ដោយធ្វើយ៉ាងណាអប់រំបណ្ដុះផ្នត់គំនិត បញ្ជៀសកុំឱ្យយុវជនក្នុងមូលដ្ឋានប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសង រៀបចំសាលារៀនអោយបានល្អ មានលំហសាធារណៈ បង្គន់អនាម័យ មានចំណីអាហារប្រកបដោយជីវជាតិសម្រាប់សិស្សានុសិស្សនិង បណ្ដុះផ្នត់គំនិតសិស្សានុសិស្សឱ្យមានសីលធម៌ល្អក្នុងការរស់នៅ នោះសង្គមនឹងដើរទៅមុខដោយបង្កើតបាននូវធនធានមនុស្សមានគុណភាព សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ដូច្នេះផ្ដើមចេញពីការគិតគូររៀបចំសាលារៀនឲ្យបានល្អ នោះយើងនឹងឈានទៅបន្តដំណើរលើមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយសន្តិភាពនឹងចាក់ឫសយ៉ាងជ្រៅបន្ថែមទៀតនៅក្នុងសង្គមជាតិ ។

សូមបញ្ជាក់ថា ៖ ការប្រកាសសមាសភាពនាពេលនេះ គឺប្រកាសសមាសភាពឯកឧត្តម ឡៅទិព្វ សីហា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងឯកឧត្តម សុខ កល្យាណ ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងកំពង់សោម ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner