លោក ត្រាំ ថា ហាម៉ាស់និងអ៊ីស្រាអែលធុញនឹងប្រយុទ្ធគ្នា

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកជឿជាក់ លើបទឈប់បាញ់ រវាងហាម៉ាស់ និង អ៊ីស្រាអែល ហើយអះអាងថា ពួកគេធុញទ្រាន់ ក្នុងការប្រយុទ្ធគ្នា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែតុលា ថា លោក Trump បាននិយាយ ដោយជឿជាក់ថា បទឈប់បាញ់នឹងប្រព្រឹត្តទៅ តាមផែនការ ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ ធុញទ្រាន់ ក្នុងការប្រយុទ្ធគ្នា។ លោកមានទំនុកចិត្តថា បទឈប់បាញ់ នឹងនាំទៅរកសន្តិភាពមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។ លោកបានបន្ថែមថា «ឥឡូវនេះ យើងមានចំណុចក្តៅមួយចំនួន ប៉ុន្តែ តូចណាស់…នឹងងាយស្រួលពន្លត់ណាស់ ភ្លើងទាំងនោះ នឹងរលត់ យ៉ាងលឿន»។

លោក Trump បានបញ្ជាក់ ពីផែនការរបស់លោក ក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល និង អ្នកសម្រុះសម្រួលអេហ្ស៊ីប ផងដែរ។ លោកអះអាងថា នឹងជួបជាមួយ “មេដឹកនាំជាច្រើន” នៅក្នុងប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីអនាគត នៃតំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញ។ លោកក៏នឹងថ្លែងទៅកាន់សភារបស់ អ៊ីស្រាអែល ផងដែរ។

ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបបានប្រកាសថា កិច្ចព្រមព្រៀងបទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំង ត្រូវបានសម្រេច ដំណាក់កាលដំបូង នៃផែនការសន្តិភាពរបស់លោក ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា។

អាជ្ញាធរហ្គាហ្សាបានអះអាងថា មនុស្សជាង ៦៧,០០០នាក់ ត្រូវបានសម្លាប់ ហើយចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការឆ្លើយតបយោធារបស់ខ្លួន ចំពោះការវាយប្រហារឆ្លងព្រំដែន របស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ នៅពេលនោះ បានសម្លាប់ស្លាប់មនុស្ស ជាង១ពាន់នាក់ និង ចាប់ជាចំណាប់ខ្មាំង ជាង ២៥០នាក់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner