ភរិយាលោកត្រាំ ធ្វើការផ្ទាល់ជាមួយលោកពូទីន

វ៉ាស៊ីនតោន ៖ ស្ត្រីទី១ របស់អាមេរិក លោកស្រី មេឡានៀ ត្រាំ បានប្រកាសថា លោកស្រីបានធ្វើការដោយផ្ទាល់ ជាមួយលោក ពូទីន មេដឹកនាំរុស្ស៊ី លើការវិលត្រឡប់ របស់កុមារអ៊ុយក្រែន ដែលត្រូវបានចាប់ពង្រត់ អំឡុងសង្គ្រាម រវាងប្រទេសទាំងពីរ។

ភរិយារបស់ប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ និយាយថា កុមារចំនួន ៨នាក់ បានមកជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ បន្ទាប់ពីការចរចាររវាងក្រុមរបស់លោកស្រី និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

ថ្លែងនៅឯសេតវិមាន កាលពីថ្ងៃទី១០ ខែតុលា លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានប្រាប់អ្នកសារព័ត៌មានថា អ្នកតំណាងរបស់លោកស្រី បានធ្វើការដោយផ្ទាល់ ជាមួយក្រុមរបស់លោក Putin ដើម្បីធានាដល់ការនាំយកកុមារ មកជួបជុំក្រុមគ្រួសារ ដោយសុវត្ថិភាព។

លោកស្រី មេឡានៀ ត្រាំ បាននិយាយថា លោក ពូទីន បានឆ្លើយតបនឹងសំបុត្រដែលលោកស្រី បានផ្ញើតាមរយៈស្វាមី គឺ ប្រធានាធិបតី Donald Trump ក្នុងកិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា កាលពីខែសីហា។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា «រឿងជាច្រើន បានលាតត្រដាង ចាប់តាំងពីប្រធានាធិបតី ពូទីន បានទទួលសំបុត្ររបស់ខ្ញុំ កាលពីខែសីហា។ គាត់បានឆ្លើយតបជាលាយលក្ខណ៍អក្សរ ដែលបង្ហាញពីឆន្ទៈ ក្នុងការទាក់ទង ជាមួយខ្ញុំដោយផ្ទាល់ និងរៀបរាប់លម្អិតអំពីកុមារអ៊ុយក្រែន ដែលរស់នៅក្នុងប្រទេសរុស្ស៊ី»។

អតីតតារាបង្ហាញម៉ូដសញ្ជាតិ ស្លូវេនី រូបនេះ បាននិយាយបន្តថា «ចាប់តាំងពីពេលនោះមក ប្រធានាធិបតី ពូទីន និងខ្ញុំ មានបណ្តាញទំនាក់ទំនងបើកចំហ ទាក់ទងនឹងសុខុមាលភាពរបស់កុមារទាំងនេះ»។

អ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបាននិរទេសដោយខុសច្បាប់ ឬបង្ខំកុមារជាង ១៩,៥០០នាក់ទៅប្រទេសរុស្សី និងបេឡារុស្ស ដោយបំពានលើអនុសញ្ញាទីក្រុងហ្សឺណែវ តែរុស្ស៊ី បដិសេធ ដោយអះអាងថា ធ្វើគ្រប់យ៉ាងដើម្បីសុវត្ថិភាពរបស់ក្មេង តាមរយៈការយកពួកគេចេញពីកន្លែងប្រយុទ្ធ។

ខណៈដែលភរិយាលោកត្រាំប្រកាសពីការជួយកុមារទាំងនោះ មន្ត្រីជំនិតរបស់លោកប្រធានាធិបតី ហ្សេឡែនស្គី បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ផងដែរថា កុមារ២៣នាក់ ត្រូវបានសង្គ្រោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner