រយៈពេល ៩ខែ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា សម្រេចបានសមិទ្ធផលលើវិស័យសំខាន់ៗចំនួនបួន

(ភ្នំពេញ)៖ អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា សម្រេចបានសមិទ្ធផលលើវិស័យសំខាន់ៗចំនួនបួន ។

ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី០៩តុលាដូច្នេះថា ៖ ស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានផ្តល់ផលប៉ះពាល់ដល់ប្រជាជនរស់នៅតាម បណ្តោយព្រំដែនរាប់ពាន់គ្រួសារ។ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទ ក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចេញប្រតិបត្តិការជួយសម្រាលការលំបាកដល់ប្រជាជនភៀសសឹក តាមរយៈការចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់គ្រួសារភៀសសឹក និងពលករ សរុបចំនួន ១៧.៦២៦គ្រួសារ ។

បើទោះបីជាជួបប្រទះនូវបញ្ហាភាពតានតឹងខាងលើនេះ, ក្នុងឆ្នាំ២០២៥ ដែលត្រូវនឹងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា និងក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, កាកបាទក្រហមកម្ពុជា នៅតែទទួលការឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារប្រើប្រាស់ ពីសប្បុរសជនគ្រប់ មជ្ឈដ្ឋានសរុបចំនួន ១.៦៧៤អង្គ/នាក់ មានការកើនឡើង ១៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះមានព្រះ រាជូបត្ថម្ភពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ បានសព្វព្រះ រាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក)។ បន្ថែមពីនេះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង បានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន ១.០០០ដុល្លារ ជារៀងរាល់ខែ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ឯកឧត្តមបានបន្តថា ការឧបត្ថម្ភគាំទ្រពីអង្គព្រះមហាក្សត្រ និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងថ្នាក់ដឹកនាំ ឥស្សរជន មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល វិស័យឯកជន និង សប្បុរសជនគ្រប់មជ្ឈដ្ឋាន បានផ្តល់លទ្ធភាពដល់កាកបាទក្រហមកម្ពុជា បំពេញបេសកកម្មក្នុងនាមជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទៅតាមវិស័យអាទិភាពចំនួន៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់ កាកបាទក្រហមកម្ពុជា ដែលក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖

វិស័យអាទិភាពទី១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ៖ នៅក្នុងរយៈពេល៩ខែនេះ បញ្ហាខ្យល់កន្ត្រាក់ ផ្គររន្ទះ អគ្គិភ័យ លង់ទឹក ទឹកជំនន់ មានការកើនឡើងខ្ពស់ បើប្រៀបធៀប ៩ខែ ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ បញ្ហាខ្យល់ពុល បានកើតមានឡើងនៅក្នុងកម្រិតគួរឱ្យព្រួយ បារម្ភ ដែលមិនធ្លាប់កើតមានពីមុនមក។ លើសពីនេះស្ថានភាពតានតឹងនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បាន ធ្វើឱ្យមានជនភៀសសឹករាប់ម៉ឺនគ្រួសារ ជម្លៀសទៅនៅតាមជំរំជាង ២០០ជំរំ នៅក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។

វិស័យអាទិភាពទី២. សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៖ ចំពោះវិស័យអាទិភាពទី២នេះ ការងារដែលជាការកត់សម្គាល់នោះគឺ ការផ្តល់ថវិកា ៥លានដុល្លារ ជូន មន្ទីរពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក។ ជាមួយគ្នានេះ ក៏បានផ្តល់ថវិកា ១លានដុល្លារី ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាលើកទី១៤ និង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៨ ជារៀងរាល់ឆ្នាំ។

វិស័យអាទិភាពទី៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិភាពទី៤. ការអភិវឌ្ឍស្ថាប័ន ។

ជារួមការផ្តល់អំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិនិងគ្រោះមហន្តរាយ ដោយមនុស្ស (មានជម្លោះប្រដាប់អាវុធ, គ្រោះថ្នាក់ចរាចរណ៍) និងគ្រួសារងាយរងគ្រោះ រួមមានចាស់ជរាគ្មានទីពឹង, ស្ត្រីមេម៉ាយកូនច្រើន, ជនពិការ, កុមារកំព្រា, អ្នកជំងឺ…..ផ្សេងៗ) ៤៤.២២៩គ្រួសារ ស្មើ ២២១.១៤៥នាក់ និង ការងារបណ្តុះបណ្តាល ផ្សព្វផ្សាយ និងយុទ្ធនាការលើកកម្ពស់គោលការណ៍គ្រឹះ សុខភាពសហគមន៍ អនាម័យ សុខភាព បរិស្ថាន សុវត្ថិភាពចរាចរណ៍ ការចំណាកស្រុក ការជួញដូរមនុស្ស និងគ្រាប់មីន… មានអ្នកចូលរួម ២១៤.៧២៤នាក់ រួមទាំងការផ្សព្វផ្សាយតាមប្រព័ន្ធសង្គមនានារាប់សែននាក់ទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner