កូរ៉េខាងជើងសម្ងែងមីស៊ីលដ៏មានឥទ្ធិពលបំផុត
ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានសម្ងែងមីស៊ីលដ៏មានឥទ្ធិពលបំផុត អំឡុងពិធី ព្យុហយាត្រាយោធា នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ទីក្រុងព្យុងយ៉ាង រាយការណ៍ នៅថ្ងៃសៅរ៍នេះ។

ប្រភពពីទីភ្នាក់ងារព័ត៌មាន KCNA បានឲ្យដឹងថា កូរ៉េខាងជើងបានបង្ហាញ នូវកាំជ្រួចមីស៊ីលអន្តរទ្វីប ដ៏មានឥទ្ធិពលបំផុត នៅឯ កម្មវិធីព្យុហយាត្រាយោធា ដែលមានការចូលរួម ដោយមន្ត្រីកំពូលៗ មកពីប្រទេសរុស្ស៊ី និង ប្រទេសចិន។ ព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួប ៨០ឆ្នាំ នៃ គណបក្សពលករ ដែលកំពុងកាន់អំណាច បានធ្វើឡើង ខណៈដែលមេដឹកនាំ លោក គីម ជុងអ៊ុន ត្រូវបានជំរុញដោយសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ទទួលបានការគាំទ្រ យ៉ាងសំខាន់ ពីប្រទេសរុស្ស៊ី បន្ទាប់ពីបានបញ្ជូនទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ទៅធ្វើសង្គ្រាម ជួយដល់កងកម្លាំង របស់ទីក្រុងម៉ូស្គូ។

រូបភាពដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានបង្ហាញពីអាវុធទំនើបបំផុតមួយចំនួន របស់ប្រទេសនេះ រួមមាន ទាំងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-20 ICBM ខណៈដែល ទីភ្នាក់ងារព័ត៌មាន KCNA បានពិពណ៌នាថា ជា «ប្រព័ន្ធអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុត» របស់កូរ៉េខាងជើង។

មនុស្សរាប់ពាន់នាក់ គ្រងក្នុងសម្លៀកបំពាក់ ប្រពៃណីចម្រុះពណ៌ បានមានវត្តមាន ពាសពេញផ្លូវ នៃរដ្ឋធានី របស់កូរ៉េខាងជើង ដើម្បីចូលរួមព្រឹត្តិការណ៍នេះ ដោយបានគ្រវីទង់ជាតិ អបអរសាទរ។

លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងពិធីនោះ ថា «កងទ័ពតែងតែបន្ថែមកម្លាំង ទ្វេដង ដល់កិច្ចខិតខំប្រឹងប្រែង របស់គណបក្សយើង ដើម្បីយកឈ្នះ លើការលំបាក និង នាំមកនូវអនាគត ដ៏ភ្លឺស្វាង»។

លោកបានបន្តថា «ស្មារតីប្រយុទ្ធ ដ៏វិសេសវិសាលដែលបានបង្ហាញ ហើយ ជ័យជម្នះដែលសម្រេចបាន ដោយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ របស់យើង នៅលើសមរភូមិបរទេស គឺ ដើម្បីយុត្តិធម៌អន្តរជាតិ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




