Zelensky ថា សូម្បីហាម៉ាស់ក៏ឈប់ប្រយុទ្ធ តែរុស្ស៊ីនៅតែបន្ត

កៀវ ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក ហ្សេឡែនស្គី កាលពីថ្ងៃ១០ ខែតុលា បានថ្លែងត្អូញត្អែរថា សូម្បីក្រុមប្រដាប់អាវុធហាម៉ាស់ ក៏ឈប់ប្រយុទ្ធដែរ តែ រុស្ស៊ីនៅតែបន្ត។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់ លើទីក្រុងមូស្គូ ថា មិនមានឆន្ទៈ ក្នុងការបញ្ឈប់សង្រ្គាមរបស់ខ្លួន ដោយនិយាយថា «សូម្បីតែក្រុមហាម៉ាស ក៏ត្រៀមខ្លួនជាស្រេច នៅចំណុចណាមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធ លើកលែងតែវិមានក្រឹមឡាំង»។

ថ្លែងបន្ទាប់ពីការវាយប្រហារដ៏ធំ របស់រុស្ស៊ី ពេញមួយយប់ ដែលបានសម្លាប់កុមារ និង ធ្វើឱ្យតំបន់ចំនួន៩ គ្មានថាមពលអគ្គិសនីប្រើប្រាស់ លោក Zelensky ជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច បង្កើនការគាំទ្រ ដោយសង្កត់ធ្ងន់ថា ទីក្រុង Kyiv ត្រូវការជាបន្ទាន់ នូវប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត។

រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានី របស់ប្រទេសអ៊ុយក្រែន បណ្តាលឲ្យកាត់ផ្តាច់ថាមពលអគ្គិសនី កាលពីថ្ងៃសុក្រ ទី១០ ខែតុលា។

ការវាយប្រហារ ចុងក្រោយនេះ បានធ្វើឡើង ខណៈដែលវិមានក្រឹមឡាំង បានបង្កើនការវាយប្រហារតាមអាកាស ទៅលើទីតាំង ថាមពល និង ប្រព័ន្ធផ្លូវដែក របស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយឆ្លុះបញ្ចាំង ពីយុទ្ធនាការស្រដៀងគ្នា ដែលបានធ្វើឡើង ក្នុងរដូវរងារ មុនៗ ដែលទុកឱ្យមនុស្សមិនមានកំដៅ នៅក្នុងសីតុណ្ហភាពត្រជាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner