ការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេល រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥វិញ ដើម្បីទុកឱកាសឱ្យម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានមកបង់ពន្ធទាន់ពេលវេលានឹងមានឱកាសបានបង់ដោយមិនមានការពិន័យឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ចេញឱ្យដឹងនៅថ្ងៃនេះថាអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យយ៉ាងយឺត បំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

សេចក្តីជូនដំណឹងនេះបានឱ្យដឹងដែរថាម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ ចំពោះម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលន ទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឬបង់ពន្ធតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store សម្រាប់អចលនទ្រព្យដែលធ្លាប់បានប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជា ពុំខាន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner