ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ចប់គោរមងារ ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ម្ចាស់ក្រុមហ៊ុនចែកចាយសាច់ច្រើនប្រភេទ
(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ម្ចាស់ចែកចាយនូវសាច់ជាច្រើនប្រភេទ ។ ការបញ្ចប់គោរមងារនេះ បានធ្វើឡើងក្នុងព្រះរាជក្រឹត្យ លេខ នស/រកត/១០២៥/១៣២៨ ដោយយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ការបញ្ចប់ គោរមងារ ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ នេះទៀត ក៏នៅបន្ទាប់ពីសេចក្តីរាយការពីមន្ត្រីមានសមត្ថកិច្ច ដែលបានចុះឆែកឆេរឃ្លាំងស្តុកទំនិញរបស់ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ហៅចែទូច កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ក្នុងទីតាំងស្ថិតនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានរកឃើញមានផ្ទុកអាហារបង្កកជិត២០មុខ ហួសកាលបរិច្ឆេត និងខូចគុណភាព ទំងន់រាប់រយតោន ដែលជាទំនិញនាំចូលពីថៃ ។

ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ នេះ ត្រូវគេរាយការណ៍ទៀតថា ជាអ្នកនាំប្រហិតមាន់ សាច់មាន់ និងជង្គង់មាន់ពីប្រទេសថៃ មកលក់នៅកម្ពុជា ខណៈដែលព្រំដែននៅបិទនៅឡើយ ។

លោកស្រី អ៊ឹម សុផាន់ណារិទ្ធ ជាម្ចាស់ក្រុមហ៊ុន IM SOPHANNARITH IMPORT EXPORT CO., LTD ជាក្រុមហ៊ុននាំចូល និងលក់ចែកចាយនូវសាច់ជាច្រើនប្រភេទ និងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឯកសារ







