គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើញត្តិបន្ទាន់ជូន ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បន្ទាប់ពីថៃប្រើប្រាស់សំឡេងរំខាន និងបំភិតបំភ័យ ពលរដ្ឋកម្ពុជានៅតាមព្រំដែន
(ភ្នំពេញ)៖ ដោយសារភាពគឃ្លើន និង ការប្រព្រឹត្តិមិនខ្លាចច្បាប់អន្តរជាតិពីសំណាក់កងទ័ពថៃនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើញត្តិបន្ទាន់ជូន ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
យោងតាមញ្ញត្តិរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(OHCHR) នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និង ប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ បានអះអាងថា កងយោធា ថៃបានចាក់សំឡេងខ្មោចលងតាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗ ចាប់ពីម៉ោង ១០ និង ៤៤ នាទី រសៀលរហូតដល់ម៉ោង ១២ និង ៤ នាទី កណ្តាលអាធ្រាតុ និងបានបន្ត ចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ៣ និង ២២ នាទី រហូតដល់ម៉ោង ៣ និង ៥៣ នាទី ទាបភ្លឺ ដោយមានគោលបំណងរំខាននិងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ ។
ញ្ញត្តិដដែលនេះបានបញ្ជាក់ថា សំឡេង ទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំង និង មានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅ ក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និង បង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំង ជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង។ សកម្មភាពទាំងនេះ មិនគួរមានក្នុងសង្គមដែលមានអរិយធម៌ និងផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រកាន់ខ្ជាប់សន្តិភាព សិទ្ធិមនុស្ស និងការគោលរពអធិបតេយ្យភាពរគ្នាទៅវិញទៅមកក្នុងចំណោម ប្រជាជាតិទាំងអស់ ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើសុំ ដល់ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មួយចំនួនដូចជា ៖ ១. ផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់ អំពីការប្រើប្រាស់សំឡេងរំខាន ដោយកងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនិងធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភ បំពានច្បាប់សិទ្ធិមនុស្សនេះ។ ២. អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាព ដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ជា ពិសេសការប្រើប្រាស់សំឡេងរំខាននៅពេលយប់អាធ្រាតុ។ ៣. ធានាការការពារនិងការផ្តល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជនរងគ្រោះ រួម ទាំងស្ត្រី កុមារ និងមនុស្សចាស់។ ៤. លើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីទប់ស្កាត់ការកើត ឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាមស្មារតីកិច្ចព្រមព្រៀងស្តីពីបទ ឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជានិងថៃ។
ជាមួយគ្នានេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(OHCHR) បានអញ្ជើញឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបាន ឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ហើយក៏បានធានារ៉ាប់រងរាល់ការចំណាយ និងសម្របសម្រួលជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ។
បេសកកម្មនេះ នឹងអនុញ្ញតឱ្យ OHCHR ចុះសង្កេតការណ៍ដោយផ្ទាល់ អំពីស្ថានភាពនៅក្នុងតំបន់នោះ និងចូលរួមក្នុងការការពារសិទ្ធិមនុស្សនិងគោលការណ៍មនុស្សធម៌នៅនឹងកន្លែង៕
ដោយ ៖ ម៉ាដេប៉ូ




