អ្នកសង្កេតការណ៍ IOTចុះពិនិត្យទីតាំងជាក់ស្តែង ពេលដែលភាគីថៃចាក់ឧបករណ៍បំពងសម្លេងលាន់លឺយ៉ាងធ្ងន់ធ្ងរ មានទាំងសម្លេងខ្មោច សម្លេងឆ្កែលូ មកលើពលរដ្ឋខ្មែរ រស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់
(ភ្នំពេញ)៖ រយៈពេល២ថ្ងៃជាប់ៗគ្នាពោលគឺនៅយប់ថ្ងៃទី ១០ និងថ្ងៃទី ១១ ឈានចូលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៥ដោយសារការ ចាក់ សម្លេងពីឧបករណ៍បំពងសម្លេង លាន់លឺយ៉ាងខ្លាំងក្លាពីសំណាក់ភាគីថៃមកលើប្រជាពលរដ្ឋខ្មែររស់នៅ តាមព្រំដែនមក ធ្វើឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំងជាក់ស្តែងតែម្តង។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានឱ្យដឹងថា៖នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញបន្តចុះពិនិត្យទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានចាក់សម្លេងយ៉ាងលាន់លឺរំខានយ៉ាងខ្លាំងក្លាទៅលើប្រជាពលរដ្ឋរស់នៅទីនោះ។
ប្រភពខាងលើនេះបានឱ្យដឹងថា៖ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីបានទទួលព័ត៌មាន ការចាក់ធុងបាស់បំពងសំលេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា រួមមានទាំងអ្នកឈឺ មនុស្សចាស់ កុមារ និងជនពិការ នៅពេលយប់ស្ងាត់។ សំលេងរួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម៕
ម៉ាដេប៉ូ










