ដាណឺម៉ាកចាយជាង ៤ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង F-35 ពីអាមេរិក

កូប៉ិនហាក ៖ ដាណឺម៉ាកត្រៀមបញ្ចេញកញ្ចប់ថវិការហូតដល់ ៤.២៦ពាន់លានដុល្លារ ក្នុងការពង្រឹងវត្តមានកម្លាំងយោធារបស់ខ្លួននៅតំបន់អាកទិក និងបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ១៦គ្រឿងពីសហរដ្ឋអាមេរិក។

ការបញ្ជាទិញយន្តហោះចម្បាំង F-35 ថែមទៀតនេះ កើតឡើងស្របពេលដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រងការរិះគន់ចាស់ដៃ ជុំវិញបំណងលេបយកកោះ Greenland មកគ្រប់គ្រងផ្តាច់មុខ ទោះបីរដ្ឋាភិបាលកោះហ៊ុព័ទ្ធដោយផ្ទាំងទឹកកកនេះ និងដាណឺម៉ាជំទាស់ដាច់អហង្កាក៏ដោយ។

រដ្ឋមន្រ្តីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានប្រាប់អ្នកយកព័ត៌មានថា ការបញ្ជាទិញយន្តហោះ F-35 ថែមទៀត គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសដាណឺម៉ាក ដើម្បីបង្កើនកងយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតក្នុងលោក ដែលផលិតដោយសហរដ្ឋអាមេរិកនេះឱ្យកើនដល់ ២៧គ្រឿង ខណៈប្រទេសន័រឌិកបន្តប្រឹងប្រែងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។

ប្រមុខការពារជាតិដាណឺម៉ាករូបនេះបន្ថែមថា ការវិនិយោគលុយដ៏ច្រើនសម្បើមក្នុងការធ្វើទំនើបកម្មយោធា គឺជារឿងចាំបាច់ក្នុងពេលលំបាក ពីព្រោះភ្លើងសង្គ្រាមអាចឆាបឆេះឡើងម្តងទៀតលើទឹកដីអឺរ៉ុប នៅពេលណាមួយថាបាន៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner