ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ក្រសួងប្រៃសណីយ៍កំពុងចងក្រងគោលនយោបាយ និងច្បាប់លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗលើវិស័យប្រៃណីយ៍ ដើម្បីដើរឱ្យទាន់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ប្រៃសណីយ៍កម្ពុជាបានចូលរួមជាមួសហគ្រាសប្រៃសណីយ៍សកលនៅក្នុងតំណើរការនៃបេសកកម្មផ្តល់ សេវាប្រៃសណីយ៍ ដើម្បីជាឧត្តមប្រយោជន៍ ដល់ការតភ្ជាប់សហគមន៍ ការជំរុញពាណិជ្ជកម្ម ការបង្កើតការងារ ការលើកកម្ពស់បរិយាបន្ត និងការជំរុញការអភិវឌ្ឍន៍សង្គម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យប្រៃសណីយ៍បានប្រឈមមុខជាមួយនិងបញ្ហានិងកាលានុវត្តន៍ភាព ដោយសារវិបត្តិកូវីដ១៩ ការកើនឡើងនៃវិស័យបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ការប្រែប្រួលនៃបែបផែនជីវិតរស់នៅស្របទៅតាមការវិវត្តន៍នៃសេដ្ឋកិច្ចនិងសង្គម ។
ឯកឧត្តម គូសបញ្ជាក់ថា ជាតឹកតាងនៅក្នុងសម័យឌីជីថលនេះការប្រើប្រាស់សំបុត្រសំរាប់ទំនាក់ទំនងពំសូវមានការចាប់អារម្មណ៍ពីសារធារណជន ហើយកើនឡើងវិញ ស្របពេលដែលមានការលូតលាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដូច្នេះតម្រូវឱ្យប្រៃសណីយ៍ត្រូវបន្តអវិឌ្ឍបណ្តាញ ធ្វើទំនើបកម្ម និងពិពិធកម្មសេវា ក៏ដូចជាធ្វើបរិវត្តន៍កម្មឌីជីថល ដើម្បីធានានិរន្តរភាព ការផ្តល់សេវាប្រៃសណីយ៍ និងការឆ្លើយតបទៅនិងការរំពឹងទុករបស់អ្នកប្រើប្រាស់។
ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ ទិវាប្រៃសណីយ៍ពិភពលោក នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតួនាទីរបស់ប្រៃសណីយ៍កាន់តែមានសារៈសំខាន់ ដូច្នេះហើយបានជាយើងឃើញថា វិស័យប្រៃសណីយ៍បច្ចុប្បន្នហាក់បីដូចជាសរសៃឈាម ដែលតភ្ជាប់ពីចំណុចមួយទៅចំណុចមួយ ដូច្នេះការអភិវឌ្ឍន៍ប្រទេសដែលមានលក្ខណៈការប្រមូលផ្តុំ នូវចំណុចតូចៗ ដែលជាមីក្រូសេដ្ឋកិច្ច វានិងបង្កើតទៅជាម៉ាក្រូសេដ្ឋកិច្ចមួយដ៏រឹងមាំ ដោយមានការរីកចំរើន ហើយនៅក្នុងនោះវិស័យប្រៃសណីយ៍ គឺធៀបនិងតួអង្គនៃជន្ទល់សេដ្ឋកិច្ចរបស់ប្រទេសមួយ»។
ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា នៅចំពោះមុខបញ្ហាប្រឈមនិងកាលានុវត្តន៍ភាពនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងចាត់អនុវត្តន៍ការងារជាច្រើនទៀតដែលក្នុងនោះមានការកសាងគោលនយោបាយ ការរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុទ្ធ ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ទ ការជំរុញការធ្វើបរិវត្តន៍កម្មឌីជីថល ការលើកកម្ពស់សមត្ថភាពប្រតិបត្តិករប្រៃសណីយ៍ចាត់តាំងពីកំរិតជាតិ ការបង្កលក្ខណៈងាយស្រួល ការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពលើការផ្តល់សេវារបស់ប្រតិបត្តិករប្រៃសណីយ៍។ បច្ចុប្បន្ននេះក្រសួងបានរៀបចំគោលនយោបាយ រួចហើយ នៅពេលដែលច្បាប់ទាំងនេះរួចរាល់វិស័យប្រៃសណីយ៍ និងមានការរីកចំរើនបន្ថែមទៀត តាមរយៈការអនុវត្តន៍ទៅតាមច្បាប់ ដោយមានការគ្រប់គ្រងច្បាស់លាស់ ពិសេសការជួញដូរខុសច្បាប់ជាដើម ។ ច្បាប់នេះ ក៏និងកសាងនូវជំនឿទុកចិត្តរវាងអ្នកទិញនិងអ្នកលក់ឱ្យល្អប្រសើរ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មអេឡិចត្រូនិចរបស់យើងនិងមានការកើនឡើង ហើយនៅពេលអនាគតតាមរយៈនិន្នាការនាពេលបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្ម និងមានការកើនឡើងធំរាប់សិបដងតទៀត ដែលនេះគឺជាការទស្សន៍ទាយរបស់អ្នកសេដ្ឋកិច្ចនៅក្នុងវិស័យណិជ្ជកម្មអេឡិចត្រូនិចនេះ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា









