លោក Trump គំរាមរឹតត្បិតនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅចិន
វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនចាប់ផ្តើមឆាបឆេះជាថ្មី ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយគំរាមថ្មីៗនេះថា សហរដ្ឋអាមេរិកអាចនឹងរឹតត្បិតការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ប្រទេសចិន ដើម្បីសងសឹកការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររបស់ទីក្រុងប៉េកាំង។

នៅពេលត្រូវបានសាកសួរថាតើមុខទំនិញអ្វីខ្លះដែលត្រូវរឹតបន្តឹងនាំចេញទៅកាន់ចិននោះ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា អាមេរិកមានអាវុធពាណិជ្ជកម្មជាច្រើនក្នុងដៃ ក្នុងនោះមានរបស់ម្យ៉ាងធំជាងគេ គឺគ្រឿងបន្លាស់យន្តហោះ។

មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសចិនបានទិញ និងមានយន្តហោះ Boeing ជាច្រើនក្នុងដៃ ដូច្នេះចិនត្រូវការគ្រឿងបន្លាស់យន្តហោះជាចាំបាច់ ហើយតម្រូវការនោះមានច្រើនទៅតាមចំនួនយន្តហោះផងដែរ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីខែសីហា បានឱ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះបាននិងកំពុងពិភាក្សាពីការលក់យន្តហោះរហូតដល់ ៥០០គ្រឿងទៅឱ្យប្រទេសចិន។
បើរឿងនេះកើតឡើងមែននោះ វានឹងក្លាយជាការបញ្ជាទិញធំបំផុតរបស់ប្រទេសចិន នៅក្នុងប្រវត្តិសាស្រ្តក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិដំបូងនៅសេតវិមាន។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ចិនបានបញ្ជាទិញយន្តហោះ Boeing យ៉ាងហោចណាស់ ២២២គ្រឿង ហើយសព្វថ្ងៃ ចិនកំពុងធ្វើប្រតិបត្តិការយន្តហោះ Boeing ចំនួន ១,៨៥៥គ្រឿង។ យ៉ាងណាមិញ ប្រទេសចិនដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ២៥ភាគរយនៃការបញ្ជាទិញយន្តហោះ Boeing ឥឡូវនេះ តួលេខនោះបានធ្លាក់ចុះតិចជាង ៥ភាគរយ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
