NATO ត្រៀមសម្ញែងសាច់ដុំយោធានៅសប្តាហ៍ក្រោយ ផ្តោតសំខាន់ទប់ស្កាត់នុយក្លេអ៊ែរ

ព្រុចសែល ៖ អង្គការណាតូគ្រោងធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំដ៏សំខាន់មួយក្នុងសប្តាហ៍ក្រោយនេះ មានឈ្មោះថា “Steadfast Noon” ដែលនឹងប្រព្រឹត្តទៅក្នុងពេលប្រហែលពីរសប្តាហ៍ ក្រោមការដឹកនាំដោយប្រទេសហូឡង់ ហើយផ្តោតសំខាន់លើការការពារអាវុធនុយក្លេអ៊ែរនៅលើដី។

ល្បែងសង្គ្រាមទ្រង់ទ្រាយធំរបស់អង្គការណាតូនេះ ត្រូវបានរំពឹងថា នឹងមាននាវាចម្បាំងរហូតដល់ ៧១គ្រឿងមកពី ១៤ប្រទេស រួមទាំងយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចូលរួម។

សមយុទ្ធនេះ នឹងចាប់ផ្តើមដំណើរការនៅក្នុងថ្ងៃចន្ទសប្តាហ៍ក្រោយ ចំពេលដែលស្ថានភាពសន្តិសុខ និងមូលដ្ឋានយោធានៅអឺរ៉ុបរងការគំរាមកំហែងដែនអាកាសពីយន្តហោះដ្រូនអាថ៌កំបាំង ដែលសង្ស័យថាជារបស់រុស្ស៊ី។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា យើងត្រូវតែសម្ញែងសាច់ដុំយោធា ពីព្រោះវានឹងជួយយើងឱ្យប្រាកដថា ការទប់ស្កាត់នុយក្លេអ៊ែររបស់យើងនៅតែអាចជឿទុកចិត្តបាន មានសុវត្ថិភាព និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។

ប្រមុខណាតូរូបនេះបានសង្កត់ធ្ងន់ថា សមយុទ្ធនុយក្លេអ៊ែរនេះដែរ វាក៏ជាការបញ្ជូនសញ្ញាច្បាស់មួយដល់សត្រូវរបស់យើងថា យើងអាចមានលទ្ធភាពទប់ទល់ និងការពារសម្ព័ន្ធមិត្តរបស់យើង ប្រឆាំងនឹងការគំរាមកំហែងទាំងអស់៕

ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner