អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួន ចាប់ផ្តើមមានប្រតិកម្មនឹងក្រុមទាហាន និងក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តទង្វើឈ្លានពាន និងអសីលធម៌លើពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ សមាជិតព្រឹទ្ធសភាប្រទេសថៃ លោកស្រី Angkhana Neelapaijit បានជំរុញឲ្យក្រសួងការបរទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានធ្វើទង្វើអសីលធម៌ នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា ។ ការបង្ហាញភាពប្រតិកម្មនេះ បានធ្វើឡើងតាមរយៈការផ្សាយរបស់កាសែត Khaosod Engish ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ និងបន្ទាប់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR ) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ នៅមុននោះមួយថ្ងៃ ។

យោងតាមតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដែលបានដកស្រង់ខ្លឹមសារសំដីរបស់ លោកស្រី សមាជិតព្រឹទ្ធសភាប្រទេសថៃ នៅលើការផ្សាយរបស់កាសែត Khaosod Engish បានសរសេរថា « រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថា រាល់សកម្មភាពទាំងឡាយណា បង្កឲ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី ។

លោកស្រីបានជំរុញឲ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា ។»

សូមបញ្ជាក់ថា កងទ័ពថៃ បានប្រើគ្រប់វិធី ក្នុងការរំលោភបំពានយកទឹកដីខ្មែរម្តងហើយម្តងទៀត នៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុងរយៈពេលកន្លងមក បន្ទាប់ពីមានបទឈប់កាលពីថ្ងៃទិ២៨ ខែកក្កដា ក្រុមទានហានថៃទាំងនោះ បានធ្វើគ្រប់វិធីដើម្បីបញ្ជោះឲ្យទាហាន និងពលរដ្ឋខ្មែរទ្រាំលែងបាន ដើម្បីឲ្យមានការផ្ទុះអាវុធឡើង តាមរយៈការប្រើប្រាស់ចំពាមកៅស៊ូ ការប្រើលួសបន្លា និងសំណាញ់ខ្មៅហ៊ំព័ទ្ធផ្ទះ និងបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះពួកគេនៅទីនោះ ការបាញ់ផ្សែងពុល ការគំរាមជះលាមកលើពលរដ្ឋខ្មែរ ការបំផ្ទុះអាវុធ និងក្រោយមកមានការប្រើគ្រឿងចក្រឈូសឆាយដីកសិកម្មពលរដ្ឋខ្មែរ នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងនោះថែមទៀត ។

វិធីចុងក្រោយនេះ របស់ទាហានថៃដើម្បីតតាំងនឹងភាពអត់ធ្មត់របស់ទាហាន និងពលរដ្ឋខ្មែរ គឺនៅយប់ថ្ងៃទី១០ និងទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមទាហានថៃទាំងនោះ បាននៅបន្តផ្គើនរំលោភបំពានសិទ្ធក្នុងការរស់នៅ និងឈ្លានពានដល់លំនៅឋានរបស់ពលរដ្ឋខ្មែរថែមទៀត ដោយការប្រើប្រាស់គ្រឿងបំពងសំលេង ដោយការចាក់សំលេងលាន់ឮខ្លាំងរំខានមកលើប្រជាពលរដ្ឋខ្មែរ ដែលរួមមានជាសំលេងឆ្កែលូ សំលេងភ្លេងខ្មោចបែបរន្ធត់ព្រឺព្រួច សំលេងផ្គរលាន់ និងសំលេងយន្តហោះនោះជាដើម ។

សំលេងខ្លាំងៗទាំងនេះ ត្រូវបានមតិសាធារណជនខ្មែរ និងរួមមានទាំងអ្នកនយោបាយថៃ និងពលរដ្ឋថៃមួយចំនួនផង បានចាត់ទុកថា គឺជាចតនានៃការធ្វើឲ្យរំខានដល់ដំណេក ជាការបំភិតបំភ័យផ្លូវចិត្តដល់រដ្ឋខ្មែរជាពិសេសពលរដ្ឋដែលជាមនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ និងក្មេងៗតូចៗផងដែរ ។ មិនតែប៉ុណ្ណោះទង្វើទាំងនោះទៀត ពួកគេបានហៅទង្វើទាំងនោះជាទង្វើអមនុស្សធម៌ និងជាការបៀតបៀនយារយីជនជាតិខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ របស់ជនជ្រុលនិយមថៃ នៅតាមបណ្តាញសង្គមថៃផងដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឯកសារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner