កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ២០២៥
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៥គីឡូម៉ែត ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ២០២៥ ក្រោមប្រធានបទ«រត់ដើម្បីសុខភាព សន្តិភាព និងការប្រែប្រួលអាកាសធាតុ» ។
គោលបំណងនៃការប្រារព្ធពិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សហគមន៍លើការអនុវត្តសង្គ្រោះបឋមអាយុជីវិត និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងការកៀរគរមូលនិធិដើម្បីគាំទ្រសេវាកម្មមនុស្សធម៌ និងកម្មវិធីកសាងភាពធន់ ។ លើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អ បង្កើនការយល់ដឹងជា សាធារណៈអំពីការឆ្លើយតបគ្រាមានអាសន្ន និងបង្កើនធនធានដើម្បីពង្រឹងសមត្ថភាពក្នុងសហគមន៍ក្នុងការត្រៀមរៀប បង្ការ ឆ្លើយតបគ្រោះមហន្តរាយ(ទឹកជំនន់ ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន និងអន្តរាគមន៍ផ្នែកសុខភាព។
លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹងសង្គ្រោះបឋម និងការប្រែប្រួលអាកាសធាតុ។ លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក និងអ្នកចូលចិត្តកីឡាគ្រប់វ័យ ឱ្យឆ្លងកាត់វគ្គបណ្តុះបណ្តាល បច្ចេកទេសសង្គ្រោះ បឋម និងបច្ចេកទេសធ្វើ CPR។ លើកកម្ពស់ឱ្យបានទូលំទូលាយ និងផ្តល់លទ្ធភាពប្រើប្រាស់ម៉ាស៊ីនឆក់បេះដូងខាងក្រៅដោយស្វ័យប្រវត្តិ (AEDs) នៅ ក្នុងកន្លែងកីឡា។ លើកទឹកចិត្តយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាឱ្យចូលរួមក្នុងសកម្មភាពសង្គ្រោះបឋម និងការប្រែប្រួល អាកាសធាតុ និងជួយសង្គ្រោះជីវិតមនុស្សបានទាន់ពេល។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា អត្ថន័យនៃទិវាដ៏មានសារៈសំខាន់នៃទិវាពិភពលោកសង្គ្រោះបឋម គឺជាទិវាដែលគ្រប់សមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅលើពិភពលោកត្រូវតែប្រារព្វឡើង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ នឹងទទួលស្គាល់ថា ជំនាញ/ចំណេះដឹងវិជ្ជាសង្រ្គោះបឋមនេះជាជំនាញនិងចំណេះដឹងដ៏មានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្សជាតិ ព្រោះការផ្តល់សេវាសង្គ្រោះបឋមជាទង្វើរបស់មនុស្សជាតិ ដែលផ្តល់អំណាចឱ្យយើងម្នាក់ៗ ក្នុងការជួយសង្គ្រោះជីវិត នៅពេលដែលមិនមានពេទ្យ ឬមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជាមួយគ្នានេះ ដើម្បីអបអរ ទិវាពិភពលោក សង្គ្រោះបឋម ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា សូមលើកយកតែជំនាញ ធ្វើចលនាបេះដូងពីខាងក្រៅ(ស៊ីភីអរ) មួយមុខគត់ មកបង្ហាញអំពីបច្ចេកទេសជាក់ លាក់ ត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ភ្លាមៗ ដោយគាំងបេះដូង។ ទន្ទឹមនឹងនេះ គឺជាការលើកកម្ពស់សុខភាព និងពង្រឹងភាពធន់សហគមន៍ ព្រោះសុខភាពជាទ្រព្យ/សម្បត្តិ ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិ/មនុស្សម្នាក់ៗ/បុគ្គលម្នាក់ៗ នៅលើពិភពលោក ។
មានភាពធន់សហគមន៍ គឺមានន័យថា បុគ្គលម្នាក់ៗទទួលខុសត្រូវលើសុខភាពដោយខ្លួនឯង គឺការពារខ្លួន មិនឱ្យមានជំងឺមិនឆ្លង ដែលជាជំងឺអាចការពារបានដល់ទៅ ៨០% មានដូចជា៖ ជំងឺទឹកនោមផ្អែម, ជំងឺឡើងសម្ពាធឈាម និងជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺផ្លូវចិត្ត និងការញៀនគ្រឿងញៀន។ បន្ថែមលើនេះ ដើម្បីឱ្យមានភាពធន់សហគមន៍ គឺសហគមន៍មួយទទួលខុសត្រូវលើការងារគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងសុខភាពផងដោយខ្លួនឯង ដោយចេះទុកដាក់ថែរក្សាបរិស្ថានស្អាត បរិស្ថានបៃតង ចេះទុកដាក់សំរាម ចេះចូលរួមកាត់បន្ថយ និងបញ្ចប់ការបំពុលដោយផ្លាស្ទិក ដោយចូលរួមយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង“ពន្លកបៃតង” ជាដើម។ល។
លើសពីនេះទៀត លោកជំទាវបានគូសបញ្ជាក់ថា ថ្ងៃនេះយើងជ្រើសយកមូលបទសន្តិភាព ព្រោះប្រជាជនកម្ពុជាគ្រប់រូបត្រូវការសន្តិភាពស្មើអាយុជីវិត សម្រាប់កម្ពុជាសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត កាន់តែមិនអាចខ្វះបានឡើយ កីឡារស់ក្នុងសន្តិភាព។ ដូចនេះ ការរត់នៅថ្ងៃនេះ គឺដើម្បីកាយសម្បទាផង លើកកម្ពស់ការចូលរួមការពារសន្តិភាពផង និងដើម្បីបរិស្ថានផង ៕
ដោយ / គ្រី សម្បត្តិ







