ក្លឹបក្រសួងមហាផ្ទៃ បន្តឈរនៅចំណាត់លេខ១ ការប្រកួតកីឡាសហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្លឹបក្រសួងមហាផ្ទៃបន្តឈរជាក្លឹបកំពូលនិងបង្ហាញភាពលេចធ្លោជាងគេជារៀងរាល់ឆ្នាំក្នុងការប្រកួតកីឡាសហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ ខណៈ ឆ្នាំ២០២៥ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥លើកទី៩ ដណ្តើម បានមេដាយមាស៥ ប្រាក់ ២ និងសំរឹទ្ធិ ១។ខណៈក្រសួងការពារជាតិឈ្នះ មាស ២ ប្រាក់ ៥ សំរឹទ្ធិ ៣ឈរនៅចំណាត់ថ្នាក់លេខ២ .ក្លឹបខេត្តកំពង់ឆ្នាំង ឈ្នះមាស ២ ប្រាក់ ១ សំរឹទ្ធិ ៥ឈរនៅចំណាត់ថ្នាក់លេខ៣ .ក្លឹបខេត្តកណ្តាល ឈ្នះប្រាក់ ១ សំរឹទ្ធិ ៧ឈរចំណាត់ថ្នាក់លេខ៤ និងក្លឹប ខេត្តកំពង់ស្ពឺ ឈ្នះសំរឹទ្ធិ ៦ឈរចំណាត់ ថ្នាក់លេខ៥។
ឈរនៅលើស្មារតីប្រជែងដោយកិច្ចខិតខំប្រឹងប្រែង និងប្រកួតប្រជែងដោយភាព យុត្តិធម៌ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត ក៏ដូច ជាកីឡាករ-កីឡាការិនីទាំងអស់ រក្សាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ល្អ ក្នុងនាមជា កីឡាករ សាកសមជាគំរូល្អសម្រាប់ប្អូនៗជំនាន់ក្រោយយកតម្រាប់តាម និងសូម កោតសរសើរ និងអរគុណដល់ផ្នែកពាក់ព័ន្ធនានាដែលបានខិតខំរៀបចំ និងរក្សា បាននូវសណ្តាប់ធ្នាប់បានល្អ ក្នុងការប្រកួតតាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់ ការបិទបញ្ចប់ ជាពិសេសអ្នកឧបត្ថម្ភ ក្រុមហ៊ុនទឹកស្រ្ពីង Provida បានជួយ ឧបត្ថម្ភ ជាទឹកបរិសុទ្ធសម្រាប់ផ្គត់ផ្គង់ដល់កីឡាករ និងកីឡាការិនី ក៏ដូចជាក្រុមការងារទាំងអស់ពិសាក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតនេះ។
ឯកឧត្តម ប្រធានមានបានគូសបញ្ជាក់ថា ជាការពិតហើយ កីឡា គឺពិតជាបានផ្សារភ្ជាប់ជាមួយនឹងមិត្តភាព សាមគ្គីភាព និងការទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ ថ្វីត្បិតថា ការប្រកួតក្រុមនីមួយៗខិតខំដណ្តើមយកជ័យជម្នះរៀងៗខ្លួនក៏ពិតមែន។ ប៉ុន្តែអ្វីដែលជាការបន្សល់ទុកក្រោយពីការប្រកួតនោះ គឺមិត្តភាព សាមគ្គីភាព និងការទំនាក់ទំនងនេះឯង បើទោះបីជាយើងទទួលបានលទ្ធផល ចាញ់ ឬឈ្នះក៏ដោយ។
ទន្ទឹមនោះ ឯកឧត្តម បានអះអាងថា រៀងរាល់ឆ្នាំ គណៈកម្មការរៀបចំការប្រកួតតែងតែបានបញ្ចូលនូវវិញ្ញាសាប្រកួត កម្រិតយុវជន យុវនារី អាយុក្រោម ១៥ឆ្នាំ បន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងបន្ទាប់ពីពួកគាត់បានហ្វឹកហាត់ប្រចាំថ្ងៃ។ គោលបំណងជំរុញឲ្យមានការបណ្តុះបណ្តាលដល់យុវជន យុវនារីថ្នាលឲ្យបានច្រើន ដើម្បីត្រៀមប្រមូលផ្តុំហ្វឹកហាត់ក្រុមថ្នាលឲ្យពួកគាត់ក្លាយទៅជាកីឡាករ កីឡាការិនីបន្តវេន សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសំខាន់ៗនាពេលខាងមុខ ជាពិសេស ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី នាឆ្នាំ២០២៩ ខាងមុខ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើយោហតាម លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៩ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាមាន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានសមាគម-ក្លឹបចូលរួមចំនួន ៥ ក្នុងនោះរួមមាន សមាគមកីឡាក្រសួងមហាផ្ទៃ សមាគមកីឡាក្រសួងការពារជាតិ សមាគមកីឡាខេត្តកណ្តាលសមាគមកីឡាខេត្តកំពង់ឆ្នាំង សមាគមកីឡាខេត្តកំពង់ស្ពឺ ក្នុងនោះចំនួនអ្នកចូលរួម សរុប៩១រូប រួមមានប្រតិភូ ៥រូប គ្រូបង្វឹក ៨រូប និងកីឡាករ ៤៩រូប កីឡាការិនី ២៩រូប៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ





