ស្លាប់មនុស្សរាប់សិបនាក់ អំឡុងការប៉ះទង្គិចគ្នារវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន

កាប៊ុល, អ៊ីស្លាម៉ាបាដ ៖ អាហ្វហ្គានីស្ថាន និង ប៉ាគីស្ថាន បាននិយាយថា កងកម្លាំងរបស់ពួកគេបានសម្លាប់មនុស្សរាប់សិបនាក់ នៅក្នុងការប៉ះទង្គិចគ្នា នៅតាមព្រំដែន។

អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃអាទិត្យ ថា ពួកគេបានសម្លាប់ទាហាន រាប់សិបនាក់ របស់ភាគី ទាំងសងខាង ទៅវិញទៅមក ក្នុងអំឡុងពេលយប់នៃការប៉ះទង្គិចគ្នា នៅតាមព្រំដែនដ៏ធ្ងន់ធ្ងរ រវាងប្រទេសទាំងពីរ។

កងកម្លាំងតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារ លើកងទ័ពប៉ាគីស្ថាននៅតាមព្រំដែនរួម របស់ពួកគេ កាលពីល្ងាចថ្ងៃសៅរ៍ ក្នុងអ្វីដែលគេហៅថា «ការសងសឹក ចំពោះការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយកងទ័ពប៉ាគីស្ថាន លើទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍»។

ទីក្រុង អ៊ីស្លាម៉ាបាដ មិនបានអះអាងទទួលខុសត្រូវ ដោយផ្ទាល់ ចំពោះការវាយប្រហារ នេះទេ ប៉ុន្តែបានបញ្ជាក់ ម្តងហើយម្តងទៀត អំពីសិទ្ធិការពារខ្លួន ប្រឆាំងនឹងការកើនឡើង នៃក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថា មានប្រភពចេញពីទឹកដីអាហ្វហ្គានីស្ថាន។

ភាគីទាំងពីរបានប៉ះទង្គិចគ្នា ម្តងហើយម្តងទៀត នៅក្នុងតំបន់ព្រំដែន ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមកាន់កាប់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១ ប៉ុន្តែ ការរំលោភដែនអាកាសជ្រៅចូលទៅក្នុងទឹកដីអាហ្វហ្គានីស្ថាន នឹងបង្ហាញពីការកើនឡើង គួរឱ្យកត់សម្គាល់។

លោក Zabihullah Mujahid អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បាននិយាយ កាលពីថ្ងៃអាទិត្យថា ទាហានប៉ាគីស្ថាន ៥៨នាក់ត្រូវបានសម្លាប់ និងប្រហែល៣០នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នា ខណៈកងកម្លាំងតាលីបង់ ៩នាក់ បានស្លាប់។

ទន្ទឹមនឹងនោះ យោធាប៉ាគីស្ថានបាននិយាយថា ទាហានរបស់ខ្លួន ២៣ នាក់ និងទាហានតាលីបង់ជាង ២០០ នាក់ និងកម្លាំងពាក់ព័ន្ធ ត្រូវបានសម្លាប់។ តែ AFP មិនអាចផ្ទៀងផ្ទាត់ ដោយឯករាជ្យ លើតួលេខអ្នកស្លាប់ នោះទេ។

រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi បាននិយាយ កាលពីថ្ងៃអាទិត្យថា “ស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង” ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner