ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១.០៦៣គ្រួសារ នៅក្រុងស្រុកទាំង៦ ខេត្តក្រចេះ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
(ក្រចេះ)៖ កាកបាទក្រហកម្ពុជា ដែលមានសម្តេចព្រះមហក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មេរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ស្បៀងតាមការសុំណើររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សរុបចំនួន ១,០៦៣គ្រួសារ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា បាននាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ និងសូមចូលរួមសោកស្តាយដែលគ្រោះធម្មជាតិទឹកជំនន់នេះបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម យូ ឡាណា បានបន្តថា “តាមប្រសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមប្រតិបត្តិទាំងអស់ ពេលមានសកម្មភាពទៅទីណាក៏ដោយ ត្រូវណែនាំបងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ លាងសម្អាតដៃឱ្យបានស្អាត ត្រូវបរិភោគទឹកឆ្អិន និងមានអនាម័យជានិច្ច នៅក្នុងវស្សានេះ សូមបងប្អូនសម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានទឹកដក់ក្នុងសំបកកង់ឡានកង់ម៉ូតូ សំបកដូង សំបកកំប៉ុងជាដើម ដែលជាជម្រកសត្វមូស និងត្រូវគេងក្នុងមុងជានិច្ច ដើម្បីជាពីជំងឺគ្រុនឈាមនិងគ្រុនចាញ់។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ននេះ តាមផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ជំងឺមិនឆ្លងសំខាន់ៗចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ តាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។
ដោយឡែក ចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឱ្យបាន៤ដងមុនពេលសម្រាល ហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវ:ត្រឹមត្រូវ ដើម្បីសុខភាពល្អ និងសុវត្ថិភាពទាំងម្តាយនិងកូនក្នុងផ្ទៃ ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូន ជាពិសេសគឺជំងឺអេដស៍។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។
ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដល់គេហេដ្ឋានចំនួន ៦គ្រួសារផងដែរ ៕






ដោយ / គ្រី សម្បត្តិ