និយ័តករធានារ៉ាប់រងកម្ពុជា កំពុងជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនៅខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត់)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្ស ព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកា តព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។
លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា និយ័តករ បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពីការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់។
លោកស្រីបណ្ឌិត បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖ ១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និង៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។
ថ្លែងក្នុងឱកាសនោះដែរ លោក ញឹក បានខេងអភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា សកម្មភាពដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ កំពុងមានការកើនឡើង ដែលបង្ហាញពីសញ្ញាវិជ្ជមាននៃតម្រូវការសេវាធានារ៉ាប់រងក្នុងខេត្ត។ តាងនាមអាជ្ញាធរខេត្ត លោក បានលើកទឹកចិត្ត និងសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឱ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រង នៅក្នុងខេត្តពោធិ៍សាត់ សំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងម្ខាងទៀតរួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តផងដែរ។
បើតាមការបញ្ជាក់បន្ថែមពីលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយដែលកំពុងមានការវិវត្តឆ្ពោះទៅមុខ យ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុបជាង ១,១៩ប៊ីលានដុល្លារអាម៉េរិក និងទំហំបុព្វលាភដុលប្រមាណ ៣៥៧លានដុល្លារអាម៉េរិក និងបានរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ ១,១៣% ក្នុងនោះ ប្រជាជនកម្ពុជាម្នាក់ជាមធ្យមប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ ២០,៦៥ដុល្លារអាម៉េរិក។
លើសពីនេះ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានផលិតផលសម្បូរបែបជាអាទិ៍៖ ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប៕






ដោយ ៖ ជាវ ចន្ធូ