ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ៖ ប្រធានមន្ទីរសុខាភិបាលថ្មីត្រូវដឹងពីសុខទុក្ខមន្រ្តីរបស់ខ្លួនពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់លោកប្រធានមន្ទីរ សុខាភិបាលថ្មី ខេត្តពោធ៍សាត់ ត្រូវគោរព អនុវត្កតាមការណែនាំពីក្រសួងសុខាភិបាល និងត្រូវមានគណនេយ្យភាព ការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងត្រូវយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ភាពថ្លៃថ្នូរ ប្រកបដោយកិត្កិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹត្យក្នុងការងារ ភក្កីភាព និងគិតគូរដល់ប្រយោជន៍ជាតិ ចៀសវាងឱ្យបាននូវការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

ការណែនាំខាងលើនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។ ដែលពិធីនេះរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសុខាភិបាល និងបណ្តាមន្ទីរ-ស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញ ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវចូលរួមក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យមានការសហការសម្របសម្រួល និងឱ្យមានការចូលរួមយ៉ាងស្មោះស្ម័គ្រអស់ពីកម្លាំងកាយចិត្តពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពជូនប្រជាជន ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកទឹកចិត្ត ថ្នាក់ដឹកនាំ ត្រូវចូលឱ្យដល់មូលដ្ឋានហើយនៅជាប់ជាមួយមន្រ្តីនៃមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក ខេត្ត និងសុខទុក្ខប្រជាពលរដ្ឋជានិច្ច ។ ត្រូវពង្រឹងការងារជាក្រុម មានសាមគ្គីភាព ភាពរួបរួម ចែករំលែក ផ្តល់ឱ្យគ្នាទៅវិញទៅមក និងជាស្មារតីផងកុំឱ្យបែកជាផ្នែក។ ហើយត្រូវមានការកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ គ្រប់កម្រិត ។ ត្រូវបម្រើសេវាដោយ សុច្ចរិតភាពសំដៅលើប្រយោជន៍រួមដល់សាធារណជនការទទួលខុសត្រូវ ទាំងសាធារណៈ និងឯកជន ។

សូមជម្រាបជូនថា លោកវេជ្ជបណ្ឌិត តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដែលទទួលបានការតែងតាំងថ្មីពីរាជរដ្ឋាភិបាល ទទួលមុខតំណែងបន្តពី ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី ដែលបានចូលនិវត្តន៍ និងត្រូវទទួលភារកិច្ចថ្មី ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ៕
ដោយ ៖ ហេង សម្បត្តិ


