សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅប្រទេសកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក នៅទីក្រុងប៉េកាំង
(ប្រទេសចិន)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាស្តីពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ជម្រាបជូនកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥នេះថា ចាប់តាំងពីឆ្នាំ១៩៩៥ មកប្រទេសកម្ពុជាបានអនុវត្តនូវសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលជាគោលការណ៍ណែនាំមួយនៅក្នុងការអភិវឌ្ឍជាតិ។ “ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម”។

នៅចំពោះមុខថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ មកពីបណ្តាប្រទេសជាង ១០០ ពីគ្រប់ទ្វីបទាំង៥ នៃពិភពលោក។ សម្តេច បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការដោយជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតមួយ ដែលគ្រប់ស្រ្តីនិងក្មេងស្រីអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជាបានជំរុញភាពស្នើគ្នានៃយេនឌ័រនៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ហើយក្មេងស្រីជាច្រើនបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ថែមទៀតផង។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្រ្តី ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍន៍ស្ត្រីលើគ្រប់វិស័យ”។ កិច្ចប្រជុំដ៏សំខាន់និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ មិនត្រឹមតែដើម្បីប្រារព្ធអបអរសាទរខួបលើកទី៣០ នៃ សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៥ប៉ុណ្ណោះទេ។ ប៉ុន្តែជាឱកាសមួយដ៏ប្រសើរក្នុងការពិនិត្យពីវឌ្ឍនភាព និងការប្រឈមនានា ដែលស្តែងចេញពីការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ហើយត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីនៅទូទាំងពិភពលោក៕
ដោយ ៖ ហេង សម្បត្តិ

