កូរ៉េខាងត្បូងថា រុស្ស៊ីលួចជួយកូរ៉េខាងជើងធ្វើទំនើបកម្មនាវាមុជទឹកនុយក្លេអ៊ែរ
សេអ៊ូល ៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានអះអាងនៅថ្ងៃចន្ទនេះថា រុស្ស៊ីទំនងជាសម្ងំជួយផ្នែកបច្ចេកទេសដល់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍនាវាមុជទឹកដោយដើរថាមពលនុយក្លេអ៊ែរ និងនាវាមុខទឹកដែលមានសមត្ថភាពបាញ់មីស៊ីលបាលីស្ទិកបាន។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times បានឱ្យដឹងថា កូរ៉េខាងជើងបានប្តេជ្ញាអភិវឌ្ឍនាវាមុជទឹកពិឃាត ដែលអាចបាញ់មីស៊ីលបាលីស្ទិកបាន ហើយខ្លួនក៏ធ្លាប់សាកល្បងមីស៊ីលបែបនេះពីក្រោមទឹកផងដែរ ប៉ុន្តែគេមិនច្បាស់ទេថាតើទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យក្នុងការបាញ់មីស៊ីលបែបនេះពីក្នុងនាវាមុជទឹកឬយ៉ាងណា។

ទន្ទឹមគ្នា កូរ៉េខាងជើងក៏កំពុងប្រឹងប្រែងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back ប្រាប់គណៈកម្មាធិការការពារជាតិរបស់សភាកូរ៉េខាងត្បូងថា វាហាក់ដូចជាការពិតហើយ ដែលថា កូរ៉េខាងជើងកំពុងទទួលបានបច្ចេកវិទ្យាផ្សេងៗ សម្រាប់ការអភិវឌ្ឍនាវាមុជទឹកចម្បាំងរបស់ខ្លួន។

ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះបន្ថែមថា ទោះយ៉ាងនេះក្ដី គេមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាតើកូរ៉េខាងជើងជោគជ័យរួចហើយឬនៅ សម្រាប់ការសាកល្បងបាញ់មីស៊ីលផ្លោងបាលីស្ទិក SLBM ដែលបាញ់ពីនាវាមុជទឹក។
គួរកត់សម្គាល់ កូរ៉េខាងជើង និងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការយោធាយ៉ាងខ្លាំងក្នុងពេលពីរឆ្នាំចុងក្រោយនេះ ដោយទីក្រុងព្យុងយ៉ាងបានបញ្ចូនទាហានជាង ១០.០០០នាក់ទៅជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា នេះបើតាមការវាយតម្លៃចារកម្មរបស់កូរ៉េខាងត្បូង៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
