កូរ៉េខាងជើង និង វៀតណាមព្រមព្រៀងគ្នា លើវិស័យការពារជាតិ
ព្យុងយ៉ាង ៖ ប្រទេសវៀតណាម និងកូរ៉េខាងជើងបានចុះហត្ថលេខា លើឯកសារ ស្តីពីសហប្រតិបត្តិការ លើវិស័យការពារជាតិ ប្រទេសទាំងពីរ និង វិស័យមួយចំនួនទៀត អំឡុងដំណើរទស្សនកិច្ច របស់លោក To Lam អគ្គលេខា បក្សកម្មុយនីស្តវៀតណាម នៅទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The star បានចេញផ្សាយថា ការចុះកុងត្រានេះ គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ច របស់មេដឹកនាំកំពូលវៀតណាម លោក To Lam ដែលបានទៅចូលរួម នៅក្នុងពិធីរំលឹកខួប លើកទី ៨០ នៃការបង្កើតគណបក្សពលករកូរ៉េ កាលពីថ្ងៃទី១០ ខែតុលា។
យ៉ាងណាមិញ គ្មានប្រភពព័ត៌មានណាមួយ បានបញ្ជាក់លម្អិត អំពីកិច្ចព្រមព្រៀងលើកិច្ចការពារជាតិ រវាងប្រទេសទាំងពីរនោះទេ។
ទីភ្នាក់ងារព័ត៌មាន VNexpress បានឲ្យដឹងថា ការចុះហត្ថលេខា លើឯកសារស្តីពីការពង្រឹង និង លើកម្ពស់កិច្ចសហប្រតិបត្តិការ ទាំងនោះ បានផ្តល់ជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ជាពិសេស យុវជនជំនាន់ក្រោយ ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងមិត្តភាពប្រពៃណី និង ទំនាក់ទំនងល្អ រវាងបក្ស និង រដ្ឋ នៃប្រទេសទាំងពីរ។
រីឯ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA គ្រាន់តែបានចុះផ្សាយថា វៀតណាម និងកូរ៉េខាងជើង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើវិស័យជាច្រើន ពាក់ព័ន្ធនឹង ក្រសួងការពារជាតិ, ក្រសួងការបរទេស និង ក្រសួងសុខាភិបាល របស់ប្រទេសទាំងពីរ តែ ក៏មិនបានបញ្ជាក់លម្អិត ពីខ្លឹមសារ ទាំងនោះ ដូចគ្នា។
ជាការកត់សម្គាល់ អំឡុងក្បួនព្យុហយាត្រាយោធា ប្រទេសកូរ៉េខាងជើងបានបង្ហាញកាំជ្រួចអន្តរទ្វីប Hwasong-20 កម្រិតខ្ពស់បំផុតរបស់ខ្លួន ដែលខ្លួនហៅថា ជា “ប្រព័ន្ធអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរខ្លាំងបំផុត” របស់ប្រទេស។
វត្តមានរបស់ប្រធានបក្សកុម្មុយនិស្តវៀតណាម នៅកូរ៉េខាងជើង គឺជាដំណើរទស្សនកិច្ច លើកដំបូង របស់មេដឹកនាំវៀតណាម ទៅកាន់ប្រទេសឯកោ និងប្រដាប់ដោយអាវុធនុយក្លែអ៊ែរ មួយនេះ មិនធ្លាប់មាន ក្នុងរយៈពេលជិត ២០ឆ្នាំ៕
ប្រភពពី The Star, VNexpress ប្រែសម្រួល ៖ សារ៉ាត