ហាម៉ាស់មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Trump
ហ្គាហ្សា ៖ ក្រុមប្រដាប់អាវុធហាម៉ាស់នឹងមិនចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងប្រទេសអេហ្ស៊ីប នាថ្ងៃចន្ទទី១៣ ខែតុលា នេះទេ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី១២ ខែតុលា អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Husam Badran ប្រាប់អ្នកកាសែតថា ហេតុផល នៃការមិនព្រមស៊ីញ៉េ ព្រោះតែលោក ចាត់ទុកការបណ្តេញពួកសកម្មប្រយុទ្ធចេញពីតំបន់ហ្គាហ្សា គឺ “មិនសមហេតុផល” ដោយលោកសង្កត់ធ្ងន់ថា ការបណ្តេញជនជាតិប៉ាឡេស្ទីន ទោះបីជាពួកគេ ជាសមាជិកក្រុមហាម៉ាស ឬ អត់ក៏ដោយ ចេញពីទឹកដីរបស់ពួកគេ គឺ គ្មានន័យ នោះឡើយ។
លោកក៏បានសម្តែងការយល់ច្រឡំ អំពីចំណុចមួយចំនួន នៅក្នុងផែនការនេះ ដែលត្រូវបានផ្សព្វផ្សាយ ដោយប្រធានាធិបតីអាមេរិក Donald Trump ។ លោកបានពណ៌នាការអនុវត្តដំណាក់កាលទីពីរ នៃផែនការសន្តិភាពថា ជា ភាពស្មុគស្មាញ និងការលំបាកជាច្រើន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្រកាសបញ្ចប់ជម្លោះ ដែលបានអូសបន្លាយ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សម្លាប់ជីវិតមនុស្ស អស់រាប់ម៉ឺននាក់។
ផ្អែកតាមកិច្ចព្រមព្រៀង ដែលត្រូវបានបញ្ចេញ កាលពីចុងខែកញ្ញា បង្ហាញពីការសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែល ទាំង៤៨ នាក់ ទាំងស្លាប់ និង នៅរស់ ដែលនៅតែត្រូវបានចាប់ពង្រត់ ដោយក្រុមហាម៉ាស នៅហ្គាហ្សា។
នៅក្រោមផែនការនោះ អ៊ីស្រាអែល ត្រូវដកកងទ័ពរបស់ខ្លួន ចេញពីផ្នែកខ្លះ នៃទីតាំងហ៊ុមព័ទ្ធ ហើយក្រោយមកទៀត ត្រូវដកទ័ពទាំងស្រុង។ កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែលបានប្រកាសថា អង្គភាពរបស់ខ្លួនបានចាប់ផ្តើមដកថយ ពីទីតាំងរបស់ពួកគេ ហើយ។
ក្របខ័ណ្ឌបទឈប់បាញ់ ២០ចំណុច យ៉ាងទូលំទូលាយ របស់លោក ត្រាំ បានអំពាវនាវឱ្យមានការបង្កើតរដ្ឋបាលអន្តរកាលនៅហ្គាហ្សា។ ក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងដកអាវុធ ព្រមទាំងចាកចេញពីអភិបាលកិច្ច នៅក្នុងទឹកដីនេះ ដើម្បីឲ្យក្លាយទៅជាតំបន់ ដែលគ្មានការបំផ្លិចបំផ្លាញ និង គ្មានភេរវកម្ម៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត