ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្រុមការងារទាំងអស់ត្រូវបន្តតាមដានយកចិត្ត ទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមនានា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍លើកឡើងថា តាមរយៈរបាយការណ៍នៃកិច្ចប្រជុំត្រីមាសទី៣ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរក្រុមការងារគ្រប់ជាន់ថ្នាក់ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ដែលបានអនុវត្តការងារយ៉ាងសកម្មនូវគោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ និងការងារផ្សេងទៀតដែលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងបានដោះស្រាយបញ្ហាជូនប្រជាជនជាបន្តបន្ទាប់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្ថែមថា ទោះបីជាយ៉ាងនេះក្តី ក្រុមការងារទាំងអស់ត្រូវបន្តតាមដានយកចិត្ត ទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយបញ្ហាតាមមូលដ្ឋាននីមួយៗជាមួយស្ថានភាព និងការប្រឈមនានាចំពោះមុខដូចជាគ្រោះមហន្តរាយ គ្រោះទឹកជំនន់ កត្តាសន្តិសុខសង្គម និងភូមិឃុំមានសុវត្ថិភាពជាដើម។ ទន្ទឹមនេះ សូមក្រុមការងារបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ លើស្ថានភាពនៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរពីប្រទេសថៃ ហើយបន្តស្វែងរកការងារ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានល្អប្រសើរ។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន ១០៧រូប។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងនូវការលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តរៀបចំវេទិកាសាធារណៈ ដើម្បីជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្តាប់ពីកង្វល់ និងសំណូមពររបស់គាត់។ ការជួបទាំងនេះ ក៏ជាឱកាសផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងជាឱកាសពន្យល់បកស្រាយ និងផ្តល់ព័ត៌មានដែលចាំបាច់ និងមានអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនូវស្ថានភាពនៃការវិវត្តរបស់សង្គម រួមទាំងប្រធានបទផ្សេងៗ ដូចជាការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មាន និងការវាយតម្លៃព័ត៌មានពិត ព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ឬព័ត៌មានញុះញង់ជាដើម ជៀសវាងការនាំមកនូវការភ័ន្តច្រឡំ ការបោកបញ្ឆោត ឬការបង្កនូវភាពវឹកវរនានា៕
ដោយ ៖ ង៉ាន់ ទិត្យ








