អាមេរិកគ្រោងចាយលុយ ១ពាន់លានដុល្លារ ទិញរ៉ែកម្រសំខាន់ៗ ក្រោយចិនរឹតត្បិតនាំចេញ

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិកមានគម្រោងចាយលុយរហូតដល់ ១ពាន់លានដុល្លារ ដើម្បីបំពេញឃ្លាំងស្តុករ៉ែកម្រសំខាន់ៗរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times ដកស្រង់ឯកសារដែលបានផ្សព្វផ្សាយប៉ុន្មានខែថ្មីៗនេះ ដោយទីភ្នាក់ងារភស្តុភារការពារជាតិនៃមន្ទីរបញ្ចកោណ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់សរុប ១ពាន់លានដុល្លារ ក្នុងនោះអាមេរិកគ្រោងចំណាយ ៥០០លានដុល្លារទិញលោហធាតុ cobalt, ២៤៥លានដុល្លារទិញលោហធាតុ antimony និងច្រើនជាង ១០០លានដុល្លារទៀតទិញលោហធាតុ tantalum។

មូលហេតុដែលអាមេរិកជះលុយខ្ទង់ពាន់លានដុល្លារបំពេញឃ្លាំងស្តុករ៉ែកម្របែបនេះ គឺដោយសារតែភ្លើងសង្គ្រាមពាណិជ្ជកម្មជាមួយចិនបានឆាបឆេះខ្លាំងឡើងសាជាថ្មី រហូតក្រសួងពាណិជ្ជកម្មចិនប្រកាសកាលពីសប្តាហ៍មុន ក្នុងការរឹតត្បិតការនាំចេញរ៉ែកម្ររបស់ផែនដី គ្រឿងបរិក្ខាការពារជាតិសំខាន់ៗ និងបច្ចេកវិទ្យាផលិត។

ឆ្លើយតបការរឹតត្បិតការនាំចេញរ៉ែកម្រពីសំណាក់ភាគីចិន លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា រូបលោកនឹងសងសឹកទីក្រុងប៉េកាំងវិញ ដោយដាក់បន្ថែមពន្ធរហូតដល់ ១០០ភាគរយចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ហើយក៏បានប្រកាសអំពីគម្រោងរឹតបន្តឹងការត្រួតពិនិត្យនាំចេញកម្មវិធី Software សំខាន់ៗផងដែរ។

យោងតាមការស្ទាបស្ទង់ផ្នែកភូគព្ភសាស្ត្រអាមេរិកបានឱ្យដឹងថា ចិនក្ដោបក្ដាប់ ៧០ ភាគរយ នៃការទាញយក និង ៩០ ភាគរយ នៃការចម្រាញ់រ៉ែកម្រទូទាំងពិភពលោក ខណៈរ៉ែកម្របានក្លាយជាប្រធានបទស្នូលមួយ ក្នុងការចរចាពាណិជ្ជកម្មអាមេរិក-ចិន។

ចិនបានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែលគេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងឡានអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះកាលពីដើមឆ្នាំនេះ ក្រោយលោកប្រធានាធិបតី Trump បានប្រកាសដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន។ ចំណាត់ការរបស់ចិនបានបង្កការរំខានផលិតកម្មជាច្រើន ដែលពឹងផ្អែកលើរ៉ែកម្រពីចិន ទាំងនៅអឺរ៉ុប និងអាមេរិក៕

ប្រភព ៖ Financial Times និង NBC NEWS ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner