អាល្លឺម៉ង់ត្រៀមចាយ ៨ ពាន់លានដុល្លារ ទិញរថពាសដែកជាង ៤០០គ្រឿង

ប៊ែរឡាំង ៖ រដ្ឋាភិបាលអាល្លឺម៉ង់មានផែនការជះលុយដល់ទៅ ៨ ពាន់លានដុល្លារ ទិញរថពាសដែកថ្មីរហូតដល់ ៤២៤គ្រឿង នេះបើតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ កាលពីថ្ងៃចន្ទ ដោយដកស្រង់ឯកសាររបស់ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់។

គណៈកម្មាធិការគ្រប់គ្រងកញ្ចប់ថវិកានៃសភាជាន់ទាបអាល្លឺម៉ង់ គ្រោងនឹងអនុម័តលើកិច្ចព្រមព្រៀងបញ្ជាទិញសព្វាវុធបំពាក់ដល់កងកម្លាំងការពារជាតិក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។

ស្ថិតក្រោមកិច្ចព្រមព្រៀងខ្នាតយក្សនេះ ក្រុមហ៊ុនការពារជាតិ General Dynamics នឹងរ៉ាប់រងការអភិវឌ្ឍន៍ និងផលិតរថពាសដែកចំនួន ២៧៤គ្រឿងក្នុងតម្លៃជាង ៤ពាន់លានដុល្លារ ជាមួយនឹងការចែកចាយរថពាសដែកគ្រឿងដំបូងនៅឆ្នាំ ២០២៨។

គម្រោងទី២ ក្រុមហ៊ុន Artec GmbH ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង KNDS និង Rheinmetall នឹងទទួលខុសត្រូវលើការផលិតរថពាសដែក Schakal ដល់ទៅ ១៥០គ្រឿងក្នុងតម្លៃជាង ៣.៩ពាន់លានដុល្លារ។ ហើយការចែកចាយរថពាសដែកចម្បាំងទាំងនោះ នឹងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៧ និង ២០៣១។

សម្រាប់ជម្រើសបន្ថែម រដ្ឋាភិបាលអាល្លឺម៉ង់ក៏មានគម្រោងបញ្ជាទិញរថក្រោះប្រយុទ្ធ Scout ចំនួន ៨២គ្រឿងថែមទៀត ពីក្រុមហ៊ុន General Dynamics ផងដែរ ដែលនាំឱ្យចំនួនរថក្រោះប្រយុទ្ធសរុបកើនឡើងដល់ ៣៥៦គ្រឿង ជាមួយនឹងតម្លៃខ្ទង់ ៥.៣ពាន់លានដុល្លារ។

ចំណែកការបញ្ជាទិញរថពាសដែក Schakal ថែមទៀត អាចនឹងស្ថិតក្នុងដំណាក់កាលបន្ទាប់ ជាមួយនឹងជម្រើសបញ្ជាទិញឱ្យកើនឡើងដល់ ២០០គ្រឿង ចំពេលដែលប្រទេសសមាជិកអង្គការណាតូកំពុងប្រឈមនឹងការគំរាមកំហែង ហើយសត្រូវធំបំផុតរបស់ពួកគេ នោះគឺប្រទេសរុស្ស៊ី៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner