ក្រសួងកសិកម្ម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរដល់មន្រ្តីកសិកម្មឃុំទាំងអស់ដែលបានប្រលងជាប់ និងចូលបម្រើការងារតាមមូលដ្ឋាន ហើយបានថ្លែងថា ការបណ្ដុះបណ្ដាលជំនាញឌីជីថល និងការផ្ដល់ធនធានទាំងនេះ គឺជាការជួយសម្រួលដល់ការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំក្នុងការគាំទ្រនិងបម្រើប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមស្មារតី«មានហូប មានបាន មានប្រើ និងមានរហូត» នៃគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំប្អូនៗមន្ត្រីកសិកម្មឃុំ ឱ្យប្រើប្រាស់ធនធានទាំងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផ្តល់សេវាប្រឹក្សាយោបល់ជូនប្រជាកសិករទាំងបច្ចេកទេសកសិកម្ម ទីផ្សារ និងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឱ្យប្អូនៗមន្ត្រីកសិកម្មឃុំ បន្តជ្រោមជ្រែងនិងប្រមូលផ្តុំកសិករឱ្យចូលរួមការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើម និងការធានាទីផ្សារតម្លៃទុកមុន។

សូមជម្រាបជូនថា ការបណ្ដុះបណ្ដាលជំនាញឌីជីថល គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពមន្ត្រីកសិកម្មឃុំ ក្នុងការប្រមូលព័ត៌មានពីកសិករនិងតួអង្គពាក់ព័ន្ធ សិក្សាប៉ាន់ស្មានផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការនិងព័ត៌មានរបស់ឣ្នកប្រមូលទិញធៀបនឹងទិន្នផល ប៉ាន់ស្មានតម្រូវការធាតុចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ព័ត៌មានដែលទទួលបានទាំងនេះ នឹងត្រូវចងក្រង ដើម្បីរាជរដ្ឋាភិបាលរៀបចំផែនការយុទ្ធសាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានបញ្ហាប្រឈម៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner