វឌ្ឍនភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន ៩២-១០០-៩៨

(ភ្នំពេញ)៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ថា កម្ពុជា សម្រេចបាន ៩២-១០០-៩៨ លើគោលដៅ ៩៥-៩៥-៩៥ នៃ ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការតាមដានការអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន សមាជិកក្រុមការងារតាមដានការអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ព្រមទាំងក្រុមប្រឹក្សាបច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
 
កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលកើតមានឡើង ក្នុងពេលអនុវត្តគោលនយោបាយ និងលើកជាដំណោះស្រាយ សម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ យកទៅអនុវត្តបន្ត ។
 
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យបានជោគជ័យ ក្រុមការងារអន្តរក្រសួង តាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានឯកភាពគ្នាថា រៀបចំកិច្ចប្រជុំរួមជាមួយក្រុមប្រឹក្សាបច្ចេកទេស ឱ្យបាន ១ដង ក្នុង ១ត្រីមាស ។ ទន្ទឹមនឹងនេះ របាយការណ៍ ស្តីពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៤ បានដាក់ជូនរាជរដ្ឋាភិបាលរួចរាល់ ដោយឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ ។
 
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងឆ្នាំ២០២៤ តាមរយៈកិច្ចប្រឹងប្រែងរួមគ្នា ជាលទ្ធផល នៃការអនុវត្តគោលនយោបាយ លើគោលដៅ៩៥-៩៥-៩៥ កម្ពុជា សម្រេចបាន៩២-១០០-៩៨ ដោយក្រសួង ស្ថាប័ន រាជធានី ខេត្ត បានខិតខំ ធ្វើការបញ្រ្ជាបការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ ។
 
ឯកឧត្តមទេសេដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ កម្ពុជា បានបង្កើនទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដស៍ ហើយការផ្តល់  សេវាប្រឹក្សាព័ត៌មានក៏មានកំណើន ក៏ប៉ុន្តែមិនទាន់ដល់គោលដៅ ដែលបានកំណត់នៅឡើយ ។ ចំណុចល្អសម្រាប់កម្ពុជា គឺការដាក់ឱ្យប្រើប្រាស់ឱសថ កាបូតេក្រាវៀ ប្រភេទចាក់ ដែលចាក់ ១ដង មានប្រសិទ្ធភាព ២ខែ (ជាវិធីបង្ការ មុនពេលប្រព្រឹត្តប្រឈម) ។ ការគ្របដណ្តប់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលដល់អ្នកផ្ទុកមេរោគអេដស៍ បានកើនឡើងដល់ ៧១% ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner