ដំណាំឆ្លាស់បានជួយកសិករទទួលបានបន្លែទិន្នផលខ្ពស់ និងរកចំណូលបានច្រើនសម្រាប់គ្រួសារ
(ពោធិ៍សាត់)៖ បច្ចេកទេសមួយក្នុងការដាំដំណាំឆ្លាស់នៅលើរងតែមួយបានជួយឱ្យកសិករមួយចំនួនមិនត្រឹមតែអាចទទួលបានផលបន្លែពីរមុខក្នុងពេលតែមួយទេ តែដំណាំដែលដាំរបៀបនេះនៅទទួលបាននូវទិន្នផលល្អ សម្រាប់ក្នុងការរកចំណូលថែមទៀត។

ការដាំដំណាំឆ្លាស់មិនត្រឹមតែជាបច្ចេកទេសមួយជួយក្នុងការឱ្យកសិករបានបន្លែច្រើនមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារទេ តែវិធីសាស្រ្តក្នុងការដាំបន្លែនេះកសិករនៅបានលើកឡើងពីបន្លែគុណភាពល្អ មានរសជាតិឆ្ងាញ់ដែលជាទីពេញនិយមផង។

អ្នកស្រី ណុប កូឡាប សព្វថ្ងៃរស់នៅភូមិកណ្តាល ឃុំ អន្លង់រាប ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ដែលជាកសិករមួយរូបបានប្រើប្រាស់វិធីដាំដំណាំឆ្លាស់ថាតាមការដកពិសោធន៍ដែលទទួលបានជោគជ័យលើការដាំដំណាំឆ្លាស់នោះគឺអ្នកស្រីបានប្រើប្រាស់នូវវិធីសាស្រ្តដាំដំណាំត្រសក់ឆ្លាស់ជាមួយស្ពៃក្រញាញ់ និងការដាំដំណាំប៉េងប៉ោះ ជាមួយស្ពៃក្រញាញ់ឃើញថាបានទិន្នផលគួរជាទីពេញចិត្ត។

ស្រ្តីវ័យជិត៥០ឆ្នាំរូបនេះបានប្រាប់ថា វិធីដាំគឺគាត់បានប្រើស្បោងគ្របលើរងបន្លែដោយចោះដាំប៉េងបោះឆ្លាស់ជាមួយស្ពៃក្រញាញ់ ឬក៏ចោះស្បោងកៅស៊ូដាំត្រសក់ ឆ្លាស់ ជាមួយស្ពៃក្រញាញ់ក្នុងនេះស្ពៃក្រញាញ់មួយគុម្ពៗមានទម្ងន់រហូតដល់ ១ទៅ ១គីឡូកន្លះក្នុងមួយគុម្ព ទៀតផង។តាមរយៈវិធីនេះគាត់អាចលក់ដំណាំបាន២មុខក្នុងរងបន្លែតែមួយ ដែលផ្តល់ផលយ៉ាងល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារ។

ស្រ្តី អ្នកដាំបន្លែដែលបានកសាងពីបាតដៃទទេ ហើយអតីតជាអ្នកដើរស៊ីឈ្នួលគេស្ទើរគ្រប់បែបយ៉ាង រហូតអភិវឌ្ឍន៍ខ្លួនមានដី២ហិកតាជាម្ចាស់ខ្លួនឯង មានផ្ទះសម្បែង មានយាន្តជំនិះជារបស់ខ្លួនឯងរូបនេះបានប្រាប់ដែរថាការដាំបន្លែឆ្លាស់គឺទទួលបានផលច្រើន ហើយបច្ចេកទេសនេះតែងអាចរកផលកម្រៃច្រើនជាងការដាំទូទៅ។

អ្នកស្រី ណុប កូឡាប បានប្រាប់ថាការដាំដំណាំ ក្នុងទំហំដី ២ហិកតានេះ ខែខ្លះអ្នកស្រីអាចរកចំណូលបានរហូតដល់១ពាន់ទៅ២ពាន់ដុល្លារទៀតផង។ចំណូលនេះបើទូទាត់ជាមួយការចំណាយលើជី លើការស្រោចស្រពទៅឃើញថាអាចផ្គត់ផ្គង់ជីវភាពគ្រាន់ធូរធាជាងមុខឆ្ងាយណាស់របស់គ្រួសារអ្នកស្រី។

ដោយឡែក លោក ណាល់ វិឆែ ប្រធានផ្នែកបច្ចេកទេសក្រុមហ៊ុនបូកគោហ្វាម នៅលើភ្នំបូកគោ ខេត្តកំពតនាកន្លងមកនេះធ្លាប់បានបង្ហាញពីបច្ចេកទេសក្នុងការដាំស្ពៃបូកគោ ដែលត្រូវដាំឆ្លាស់ជាមួយផ្កាស្បៃរឿង ដើម្បីការពារពីការបំផ្លាញពីសត្វល្អិតចង្រៃ និងជួយឱ្យដំណាំលូតលាស់បានល្អ។ព្រោះថាឫសរបស់ផ្កាស្ពៃរឿងក្រៅពីជួយឱ្យដីធូរហើយ ផ្ការបស់វាក៏ជួយស្រូបយកសារធាតុចិញ្ចឹមពីបរិយាកាស ហើយបម្លែងសារធាតុពីបរិយាកាសមកសារធាតុចិញ្ចឹមនៅក្នុងដីផ្តល់ដល់ផលដំណាំជុំវិញខ្លួនវា។
អ្នកបច្ចេកទេសរូបនេះបានពន្យល់ប្រាប់ថា៖ កាលណាដីមានមេណាតូត ឬហៅថាមេរោគច្រើនវាតែងបង្កការប៉ះពាល់ដល់ផលដំណាំ បើដាំស្រូវគឺស្រូវក្រិន បើដាំបន្លែគឺបន្លែក្រិន។ ចំពោះក្លិនរបស់ផ្កាស្បៃរឿងជួយបណ្តេញពពួកមេអំបៅដែលមកពងបំផ្លាញ។ចំណែកប្រយោជន៍មួយទៀតនោះគឺ ផ្កាស្ពៃរឿងគឺជាជីជួយផ្តល់ជីវជាតិដល់ដី។ លើសពីនេះឫសរបស់ផ្កាស្ពៃរឿងក៏ជួយកម្ចាត់ពពួកមេរោគក្នុងដី។
គួរបញ្ជាក់ថា ការដាំដំណាំឆ្លាស់ គឺជាការដាំដំណាំលើសពីមួយមុខ ក្នុងដីស្រែ ឬ ចំការតែមួយ។វាជាដំណាំកសិករខ្នាតតូច និងមធ្យមតាមស្រុកស្រែចំការនិយមដាំដុះពីព្រោះកសិករតែងលើកឡើងថាងាយថែរក្សា សត្វល្អិតមិនសូវវាយលុក និងពិសេសការខាតបង់វិញតិចតួចជាងការដាំដំណាំមួយមុខ៕
ដោយ៖ម៉ាដេប៉ូ
រូបភាព៖បូរិន
