កម្ពុជា ត្រៀមរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជាព្រះរាជពិធីរំលឹកខួប ១៣ឆ្នាំ នៃការយាង សោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ «ព្រះបរមរតនកោដ្ឋ» ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានត្រៀមរៀបចំពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃព្រះអង្គសោយទីវង្គត់ កាលពីឆ្នាំ២០១២ កន្លងទៅ ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជូនដំណឹងថា ឆ្នាំនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រ ក្នុងទូទាំងប្រទេស នឹងរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ ដែលប្រព្រឹត្ត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ អភិវឌ្ឍន៍លើគ្រប់វិស័យ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ បានណែនាំដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវធ្វើការរៀបចំព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ដោយមានតុបតែងលម្អ បំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោក ឱ្យបានសមរម្យ តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្ត្រ ឱ្យលើកទង់ជាតិគ្រប់គេហដ្ឋាន ។

ជាមួយនេះ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ » គម្រប់ខួប ១៣ឆ្នាំ នៅបណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យផងដែរ ។

ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស ចងចាំមិនភ្លេចឡើយ និងមានការសោកស្តាយជាអនេក ចំពោះការបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ គ្រប់កាលៈទេសៈ ។

សូមរម្លឹកថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ប្រសូត គ្រងព្រះបរមរាជសម្បត្តិ ជាលើកទី១ និងទ្រង់សោយព្រះទិវង្គតនៅក្នុងខែតែមួយ គឺខែតុលា ដោយគ្រាន់តែខុសថ្ងៃតែប៉ុណ្ណោះ ពោល គឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ។ ទ្រង់បានឡើងគ្រងរាជសម្បត្តិ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ១៩៤១ ក្នុងគ្រាដែលប្រទេសកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង ។ ព្រះអង្គ បានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នាវេលាម៉ោង ១ និង ២០ នាទីរំលងអាធ្រាត ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ» ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner