ឡានអគ្គិសនីវៀតណាម VinFast បំបែកកំណត់ត្រាលក់ ជាង១០ម៉ឺនគ្រឿង បីត្រីមាសដំបូង

ហាណូយ ៖ ក្រុមហ៊ុនឡានអគ្គិសនី វីនហ្វាស់ (VinFast) នៅប្រទេសវៀតណាម បានបង្កើតកំណត់ត្រា លក់រថយន្តអគ្គិសនី ឬ EV បានជាង១០ម៉ឺនគ្រឿង ក្នុងរយៈពេល បីត្រីមាសដំបូង នៃ ឆ្នាំ២០២៥។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃទី១៤ ខែតុលានេះ ក្រុមហ៊ុន VinFast បានក្លាយជាម៉ាករថយន្តដំបូងគេ ក្នុងប្រទេស ដែលលក់លើស ពី១០ម៉ឺនគ្រឿង ក្នុងរយៈពេល៩ដំបូង នៃឆ្នាំនេះ។

នៅក្នុងខែកញ្ញា ក្រុមហ៊ុន VinFast បានចែកចាយរថយន្តអគ្គិសនីគ្រប់ប្រភេទ ចំនួន១ម៉ឺន៣ពាន់៩១៤គ្រឿង ដែលនាំឱ្យចំនួនសរុបកើនឡើង សម្រាប់រយៈពេល៩ខែដំបូង រហូតដល់១០ម៉ឺន៣ពាន់៨៨៤ គ្រឿង ដែលជាចំនួនខ្ពស់បំផុត មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ នៃឧស្សាហកម្មរថយន្ត របស់ប្រទេសវៀតណាម។

ក្នុងចំណោមចំនួនលក់សរុប ឡាន VinFast ម៉ាក VF 3 បានជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានចំនួន ៣ម៉ឺន១ពាន់៣៨៦គ្រឿង ដែលត្រូវបានលក់ ក្នុងអំឡុងពេលនោះ។ បន្ទាប់មក មានម៉ាក VF 5 ដែលមានចំនួន ៣ម៉ឺន៩៥៦គ្រឿង និង ម៉ាក VF 6 ដែលលក់បាន ចំនួន១ម៉ឺន៤ពាន់៤២៥គ្រឿង។

សមិទ្ធិផលនេះ ក៏តំណាងឱ្យការលោតផ្លោះ ជាប្រវត្តិសាស្ត្រ សម្រាប់ឧស្សាហកម្មរថយន្ត របស់វៀតណាម ដែលម៉ាកយីហោ ក្នុងស្រុកមួយ បានយកឈ្នះដៃគូប្រកួតប្រជែង ទូទាំងពិភពលោក យ៉ាងខ្លាំង ដើម្បីក្លាយជាជម្រើស ជាទីពេញចិត្ត របស់អ្នកប្រើប្រាស់ ក្នុងស្រុកភាគច្រើន នេះបើតាមកាសែត VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner