ផ្លូវចំនួនប្រាំខ្សែប្រវែងជិត៨០គីឡូម៉ែត្រក្នុងខេត្តបាត់ដំបងបានទទួលការវាយតម្លៃ
បាត់ដំបង៖មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទនិងមន្ត្រីមកពីក្រសួងពាក់ព័ន្ធ បានចុះពិនិត្យវាយតម្លៃផ្លូវនៃគម្រោងការងារថែទាំប្រចាំដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ។ជាប្រភេទផ្លូវកៅស៊ូ ផ្លូវល្បាយក្រួសនិងផ្លូវល្បាយកម្ទេចថ្មចំនួនប្រាំខ្សែប្រវែងជិត៨០គីឡូម៉ែត្រ ដែលត្រូវបានបិទបញ្ចប់នូវជំហានដំណាក់កាលទី២របស់ខ្លួននិងក្រោយ
ពីអនុវត្តគម្រោងខាងលើរួចរាល់។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានមន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,មន្រ្តីនាយកដ្ឋានផ្លូវលំជនបទ,ក្រុម គ.ត.វ ផែនការឆ្នាំ២០២៥ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបងចុះពិនិត្យ វាយតម្លៃលើការងារថែទាំប្រចាំលើកំណាត់ផ្លូវប្រាំខ្សែ ដែលមានប្រវែងសរុប ៧៨ ៧០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក-ក្រុងមួយចំនួន ក្នុងខេត្តបាត់ដំបង។

ខ្សែផ្លូវចំនួនប្រាំខ្សែនេះ ក្នុងនោះមាន ផ្លូវក្រាលកៅស៊ូ ដែលមានខ្នងលើក្រាលកៅស៊ូ ៥ម៉ែត្រ និង ៥,៥ម៉ែត្រស្ថិតនៅឃុំស្ដៅ ស្រុករតនមណ្ឌល ប្រវែង ២៩,២គីឡូម៉ែត្រ និងស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង និង ឃុំឈើទាល ស្រុកបាណន់ប្រវែងជាង ៦គីឡូម៉ែត្រ។ដោយឡែកផ្លូវល្បាយក្រួសនិងផ្លូវល្បាយកម្ទេចថ្ម ចំនួនបីខ្សែ ប្រវែងជាង៤៣ គីឡូម៉ែត្រមានទទឹង ៥ម៉ែត្រនិង៦ម៉ែត្រ ស្ថិតក្នុងឃុំកំរៀង ស្រុកកំរៀង, ឃុំស្ដៅ ស្រុករតនមណ្ឌល និង ឃុំសំពៅលូន ស្រុកសំពៅលូន ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង និងប្រើប្រាស់ថវិការដ្ឋ។

ក្នុងការចុះពិនិត្យនិងវាយតម្លៃលើកំណាត់ផ្លូវខាងលើនេះឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការវាយតម្លៃខ្ពស់ដោយកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលបានខិតខំក្នុងការបំពេញកាតព្វកិច្ចក្នុងការអនុវត្តគម្រោងខាងលើដោយទំនួលខុសត្រូវខ្ពស់ ។

ឯកឧត្តមក៏បានក្រើនរម្លឹកថ្នាក់ដឹកនាំមន្ទីរឱ្យបន្តតាមដាននិងយកចិត្តទុកដាក់បន្ថែម ក្នុងការចុះត្រួតពិនិត្យមើលផ្លូវឱ្យ
បានជាប់ជាប្រចាំ ពិសេសពីស្ថានភាពផ្លូវនៅតាមជនបទក្នុងរដូវវស្សា។ត្រូវផ្សព្វផ្សាយដល់អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យរួមគ្នាជួយថែរក្សាផ្លូវ។អ្នកប្រើប្រាស់ផ្លូវកុំដឹកលើសហួសកម្រិតទម្ងន់ដែលបង្កការខូចខាតផ្លូវ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

