មន្រ្តីទទួលខុសត្រូវចុះវាយតម្លៃ ផ្លូវចំនួន១០ខ្សែក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យការងារថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទ ក្នុងផែនការឆ្នាំ២០២៥ ចំនួន១០ខ្សែប្រវែងជាង៧២គីឡូម៉ែត្រ ក្នុងក្រុង ស្រុកចំនួន៥ក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។

លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាមានជ័យ បានទទួលការអនុវត្ត ថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទ ក្នុងផែនការឆ្នាំ២០២៥ ចំនួន១០ខ្សែ ក្នុងក្រុង ស្រុកចំនួន៥ ក្នុងនោះរួមមាន៖១.ការថែទាំផ្លូវជាប្រចាំ ចំនួន៨ខ្សែ ប្រវែង៦៣.៣៦០ម៉ែត្រ ទទឹងខ្នងលើកៅស៊ូពីរជាន់ និងក្រាលល្បាយក្រួស ៥ម៉ែត្រ, ៦ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងស្រុកអូរជ្រៅ ។២.ការថែទាំខួបផ្លូវជនបទ មានចំនួន ២ខ្សែ ប្រវែង៩.៤០០ម៉ែត្រ ទទឹងខ្នងលើក្រាលល្បាយក្រួស ៥ម៉ែត្រ កម្រាស់២០ស.ម ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក។

ផ្លូវដែលទទួលជួសជុលថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទនេះ ត្រូវបានពណ៌នាថា ជាខ្សែផ្លូវសំខាន់សម្រួលដល់ធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ និងអ្នកជំងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ។

ក្រោយពិនិត្យដោយម៉ត់ចត់ឯកឧត្តម អ៊ិន ចន្ថា បានកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យអនុវត្តការងារដោយការទទួលខុសត្រូវ។ ឯកឧត្តមក៏បានរំលឹកឱ្យបន្តចុះត្រួតពិនិត្យ និងថែទាំផ្លូវដែលសម្រេចរួចមកហើយ៕
ដោយ៖ឃិន គន្ធា


