អាជ្ញាធរខេត្តស្ទឹងត្រែងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ

ស្ទឹងត្រែង៖ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត រួមទាំងអគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែងផង បាន​ប្រារព្ធពិធីគោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាព​ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ (១៥តុលា​២០១២​-១៥តុលា២០២៥) នៅស្តូប​អនុស្សាវរីយ៍ ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយ​សែនជ័យ ខេត្តស្ទឹងត្រែង។

នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាព្រឹកថ្ងៃ១៤ ខែតុលានេះដែរ ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង ក៏បានរៀបចំធ្វើពិធីបង្សុកូល ពិធីស្មឹងស្មាធថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជានុរាស្ត្រខ្មែរ។

គប្បីជម្រាបជូនថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ប្រសូត គ្រងព្រះបរមរាជសម្បត្តិ ជាលើកទី១ និងទ្រង់សោយព្រះទិវង្គតនៅក្នុងខែតែមួយ គឺខែតុលា ដោយគ្រាន់តែខុសថ្ងៃតែប៉ុណ្ណោះ ពោល គឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ។ ទ្រង់បានឡើងគ្រងរាជសម្បត្តិ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ១៩៤១ ក្នុងពេលដែលប្រទេសកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង ។ ព្រះអង្គ បានយាង​ចូលព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នាវេលាម៉ោង ១ និង ២០ នាទីរំលងអធ្រាត្រ ដោយ​ព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយ​ទទួលព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ» ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner