រដ្ឋបាលខេត្តតាកែវរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់ខួប១៣ឆ្នាំ

តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម  វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់​ដឹកនាំនៃរដ្ឋបាលខេត្តតាកែវ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំអយ្យការ​អមសាលាដំបូងខេត្តនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះវិញ្ញាណក្ខន្ធខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គត​របស់​ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមាត់បឹងទីរួមខេត្តតាកែវ ។

គប្បីជម្រាបជូនថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ប្រសូត គ្រងព្រះបរមរាជសម្បត្តិ ជាលើក​ទី១ និងទ្រង់សោយព្រះទិវង្គតនៅក្នុងខែតែមួយ គឺខែតុលា ដោយគ្រាន់តែខុសថ្ងៃតែប៉ុណ្ណោះ ពោល គឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ។ ទ្រង់បានឡើងគ្រងរាជសម្បត្តិ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ១៩៤១ ក្នុងពេលដែលប្រទេសកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង ។ ព្រះអង្គបានយាង​ចូលព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នាវេលាម៉ោង ១ និង ២០ នាទីរំលងអធ្រាត្រ ដោយ​ព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយ​ទទួលព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ» ៕

ដោយ៖សាំង សារ៉ាវី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner